អាជ្ញាធរខេត្តសៀមរាបសម្រេចបិទការ ចេញ-ចូល ផ្សារក្រោមជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន១នាក់
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃ ច័ន្ទ ១កើត ខែ ពិសាខ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ១២ ខែ មេសា ឆ្នាំ២០២១។
រដ្ឋបាលខេត្តសៀមរាបបានជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈនេះ ខេត្តសៀមរាប បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន០១នាក់ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ឈ្មោះ អ៊ឹង ខៃលី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់គ្រឿងក្រអូបនៅផ្សារក្រោម រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ជាបុគ្គលដែលបានធ្វើចត្តាឡីស័ក ដោយពាក់ព័ន្ធជាមួយ នឹងបុរសវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ ពុធ សំអាត កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ និងជាករណីជាប់ពាក់ព័ន្ធជាមួយអ្នកបើករថយន្តតាក់ស៊ី។
លោក អ៊ឹង ខៃលី បានជួបជាមួយ លោក ពុធ សំអាត នៅភោជនីយដ្ឋានម្លប់ស្វាយទាកាញ់ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងត្រូវបានបិទអាជីវកម្មកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។ ទន្ទឹមគ្នានេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបិទផ្សារក្រោម ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចាប់ពីកាលបរិច្ឆេទជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងបើកឡើងវិញក្រោយស្ថានភាពវិលទៅរកភាពប្រក្រតីឡើងវិញ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ និងអ្នកលក់ដូរ និងអ្នកចេញ-ចូលផ្សារក្រោម ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនដោយមិនត្រូវពាក់ព័ន្ធនិងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តន៍ឱ្យបានម៉ឺងមាត់ និងអនុវត្តន៍នូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕
www.information.gov.kh