January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យតាមបណ្ដាគោលដៅបិទខ្ទប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ៧កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ១៨ ខែ មេសា ឆ្នាំ២០២១។

ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បាន បន្ដចុះពិនិត្យនៅតាមគោលដៅបិទខ្ទប់ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីពង្រឹងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

ជាការកត់សម្គាល់ស្ថានភាពចរាចរណ៍នៅព្រឹកនេះ គឺកាន់តែមានសភាពស្ងប់ស្ងាត់ ពោលនៅមានតែមធ្យោបាយធ្វើដំណើរតិចតួចតែប៉ុណ្ណោះ ហើយតាមការសួរនាំអ្នកធ្វើដំណើរទាំងអស់នោះ សុទ្ធតែករណីចាំបាច់ដែលត្រូវអនុញ្ញាត។ ដោយឡែក សម្រាប់អ្នកមិនចាំបាច់ គឺអាជ្ញាធរនៅតាមគោលដៅបិទខ្ទប់នោះ មិនអនុញ្ញាតឱ្យធ្វើដំណើរឡើយ។

សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញវិធានការបិទខ្ទប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្ដកណ្ដាល ព្រមទាំងហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលមានអ្នកឆ្លងកាត់តែច្រើន។ សម្រាប់ប្រជាពលរដ្ឋមិនអនុញ្ញាតឱ្យធ្វើចរាចរនៅរាជធានីភ្នំពេញជាដាច់ខាត គឺមិនឱ្យចាកចេញពីផ្ទះ ប្រសិនបើនរណាម្នាក់នៅតែល្មើស នឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ៤៩សសរ.ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ កងកម្លាំងសមត្ថកិច្ចនឹងចាប់ឃាត់គ្រប់មធ្យោបាយធ្វើដំណើរ និងផាកពិន័យ ព្រមទាំងកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការ។

ការប្រកាសដាក់បទបញ្ជារបស់អភិបាលរាជធានីភ្នំពេញនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេស ដោយបានបញ្ជា ឱ្យរឹតបន្តឹង និងអនុវត្តន៍ច្បាប់ចំពោះជនដែលចល័តចុះឡើងផ្ទុយពីវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្ដកណ្ដាល៕

www.information.gov.kh Sourcing

 

 

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.