ប្រជាពលរដ្ឋជាង៨០០គ្រួសារធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ និងទីតាំងរាំងខ្ទប់នៅព្រំប្រទល់ខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ ទទួលអំណោយរបស់សម្តេចតេជោ
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ៧កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ១៨ ខែ មេសា ឆ្នាំ២០២១។
ភ្នំពេញ៖ប្រជាពលរដ្ឋជាង៨០០គ្រួសារ នៅព្រំប្រទល់ខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ ទទួលបានអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រួលទុក្ខលំបាកក្នុងពេលធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ និងទីតាំងរាំងខ្ទប់ ។
នៅព្រឹកថ្ងៃ១៨ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ឱ្យក្រុមការងារយកអំណោយមនុស្សធម៌បន្ទាន់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋចំនួន៨២៧គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ និងរាំងខ្ទប់ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
ក្នុងឱកាសនោះ ក្រុមការងារដឹកនាំដោយ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង បានលើកឡើងថា សម្ដេចទាំងទ្វេ បានយកចិត្តទុកដាក់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសប្រជាពលរដ្ឋដែលកំពុងសម្រាកធ្វើចត្តាឡីស័កតាមផ្ទះ តាមបន្ទប់ ក៏ដូចជាតាមមណ្ឌលផ្សេងៗ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភ សម្តេចតេជោ ដាច់ខាតមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់អាហារនោះឡើយ ។
ទន្ទឹមនឹងនេះ លោកសូមឱ្យប្រជាពលរដ្ឋ កម្មករ កម្មការិនីដែលកំពុងធ្វើចត្តាឡីស័ក បន្តយកចិត្តទុកដាក់ធ្វើចត្តាឡីស័កឱ្យបានគ្រប់ចំនួនថ្ងៃត្រឹមត្រូវ តាមក្រសួងសុខាភិបាលបានកំណត់ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏ប្រមុខដឹកនាំ អាជ្ញាធរមូលដ្ឋាន នៅតែបន្តគិតគូរនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័កផងដែរ ។
សូមបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លា ដែលបានចែកជូននេះ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូ, មី១កេស, ត្រីខ២យួរ រួមទាំងថវិកា៣០០,០០០រៀល ផងដែរ ៕
www.information.gov.kh Sourcing