ពលរដ្ឋនៅភ្នំពេញ ដែលមិនទាន់បានចាក់វ៉ាក់សំាងបង្ការកូវីដ១៩ ត្រូវស្នើសុំអាជ្ញាធរមូលដ្ឋានក្នុងការទទួល បានការចាក់វ៉ាក់សំាង
ភ្នំពេញ៖ ចេញផ្សាយថ្ងៃសៅរ៍ ១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០២១។
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់សុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដែលមិនទាន់បានចាក់វ៉ាក់សំាងបង្ការកូវីដ១៩ ត្រូវស្នើសុំអាជ្ញាធរមូលដ្ឋានក្នុងការទទួល បានការចាក់វ៉ាក់សំាងដើម្បីកាត់ បន្ថយបានជាអតិបរមា នូវភាពធ្ងន់ធ្ងរ ពីការវាយលុករបស់ជំងឺកូវីដ១៩។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងពិធីទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវយក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលបានឱ្យដឹងថា កាលពីថ្ងៃទី៨ កក្កដា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងរដ្ឋបាល រាជធានីភ្នំពេញបានបិទបញ្ចប់ «យុទ្ធនាការជាតិ ចាក់វ៉ាក់សាំង ការពារកូវីដ-១៩» សម្រាប់ភូមិសាស្ដ្ររាជធានីភ្នំពេញ ហើយមានអ្នកស្ម័គ្រចិត្តមកចាក់វ៉ាក់សាំង ចំនួន២,១៥២,៥៩៥នាក់ ក្នុងនោះ ប្រមាណ២ម៉ឺននាក់ មិនបានចាក់វ៉ាក់សាំង ដោយសារបញ្ហាសុខភាពផ្ទាល់ខ្លួន មានន័យថា អ្នកបានចាក់សរុប (ដូសទី១) ចំនួន២,១២៨,៧៩១នាក់។ ដោយឡែកចំពោះអ្នកដែលមិនទាន់បានចាក់វ៉ាក់សំាងបង្ការកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ ត្រូវស្នើសុំទៅអាជ្ញាធរ តាមមូលដ្ឋាន របស់ខ្លួន ដើម្បីចាក់វ៉ាក់សាំង ខណៈ រាជធានីភ្នំពេញ បិទបញ្ចប់ «យុទ្ធនាការជាតិចាក់វ៉ាក់សាំង ការពារកូវីដ-១៩» នាពេលថ្មីៗនេះ ។ សំឡេង «នៅភ្នំពេញ បានចាក់វ៉ាក់សាំង បានច្រើនណាស់ ហើយអ្នកមិនទាន់ចាក់ត្រូវស្នើសុំទៅអាជ្ញាធរ ហើយការងារ ហ្នឹងស្នើសុំឱ្យគាត់ទាក់ទងទៅអាជ្ញាធរតាមមូលដ្ឋាន របស់ពួកគាត់រៀងៗខ្លួន»។ ក្នុងឱកាសនោះ លោកជំទាវ នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋដែលទទួលការចាក់វ៉ាក់សាំងរួចហើយក្តី ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ និងហ្មត់ចត់ជាទីបំផុត នូវវិធានការអនាម័យរបស់ក្រសួងសុខាភិបាល រួមទាំងវិធានការ ៣កុំនិង៣ការពារជាប់ជានិច្ច ដើម្បីឈានទៅកាត់ផ្តាច់ការចម្លងមេរោគដ៏កាចសាហាវមួយនេះ ពីសហគមន៍មូលដ្ឋានរបស់យើង។ គួរជម្រាបថា រាជរដ្ឋាភិបាល បាននិងកំពុងខិតខំជំរុញ ការងារចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា។ ហើយក្នុងករណីនៅសេសសល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានគិតគូរ ក្នុងការបញ្ជាទិញបន្ថែមទៀត ដើម្បីត្រៀមបម្រុងទុកសម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់ផងដែរ។ យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ទូទាំងប្រទេស ចំនួន ៤,៧៩៣,១៩៧នាក់ ស្មើនឹង ៤៧,៩៣%នៃគោលដៅដែលត្រូវចាក់១០លាន នាក់ ៕
www.information.gov.kh Sourcing