ខេត្តសៀមរាប៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំណាក់កាលទីពីរ ជំហានទី០១
ភ្នំពេញ៖ ចេញផ្សាយថ្ងៃសៅរ៍ ១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០២១។
ខេត្តសៀមរាប៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំណាក់កាលទីពីរ ជំហានទី០១ ក្នុងក្រុងសៀមរាប បានចាប់ផ្តើម នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ដោយមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកចូលរួមទទួលវ៉ាក់សំាង។
ថ្លែងក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវី១៩ នៅសាលាបឋមសិក្សាវត្តបូព៌ ក្រុងសៀមរាប នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ លោកពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាបបានឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរជាសំខាន់ អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប។ជាក់ស្តែង នៅថ្ងៃនេះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំណាក់កាលទីពីរ ជំហានទី០១ បានចាប់ផ្តើមឡើងនៅសង្កាត់ទាំង១២ ក្នុងក្រុងសៀមរាបជាមុនសិន និងត្រូវបន្តទៅបណ្តាស្រុក ដទៃទៀតនៃខេត្តសៀមរាបនាជំហានក្រោយទៀត។
លោកបន្តថា ជំងឺកូវីដ១៩ បាននិងកំពុងរាតត្បាតជាសកល ដែលបណ្តាលឱ្យមានការឆ្លង និងករណីស្លាប់ ជារៀងរាល់ថ្ងៃ ដូច្នេះទោះបីប្រជាពលរដ្ឋ បានទទួលការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ទាំងដូសទី១និងទី២រួចហើយ និងធានាបានសុវត្ថិភាពសុខភាព ការពារបានពីជំងឺឆ្លងកូវីដ១៩ដ៏កាចសាហាវ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋដែលបានចាក់រួចមិនត្រូវមើលស្រាលជំងឺកូវីដ១៩ ជាដាច់ខាត ដោយត្រូវបង្កើនការ ការពារខ្លួនឱ្យបានខ្ពស់ ជាពិសេសបន្តអនុវត្តវិធានការ ៣កុំ និង៣ការពារឱ្យបានគ្រប់ៗគ្នា។
លោកបញ្ជាក់៖ថ្ងៃនេះគឺជាយុទ្ធនាការ នៃការបើកចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌទូទាំងខេត្តតែម្តង មានន័យថាពីថ្ងៃទី១០ រហូតដល់ថ្ងៃ២៣កក្កដា គឺចាក់នៅក្នុងក្រុងសៀមរាបទាំង១២សង្កាត់ ហើយចាប់ពីថ្ងៃទី១៤ទៅនឹងបន្តទៅចាក់នៅ បណ្តាស្រុកដទៃទៀត នៅក្នុងខេត្ត។ប្រការនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខុមាលភាពសង្គមនិងប្រជាពលរដ្ឋយើង ហើយខ្ញុំសូមបញ្ជាក់ដែរថា ការចាក់វ៉ាក់នាថ្ងៃនេះ មិនមែនបានន័យថាបងប្អូនប្រជាពលរដ្ឋយើង គិតថាយើងមិនអាចឆ្លងជំងឺកូវីដ១៩ទេ មានន័យថាវិធានការរាជរដ្ឋាភិបាល៣កុំ ៣ការពារ ត្រូវអនុវត្តជាប្រចាំ ការចាក់វ៉ាក់សាំងជាការជួយមួយផ្នែកធំនៃអាយុជីវិតប្រជាពលរដ្ឋ ក្នុងករណីមានការឆ្លងអាចកាត់បន្ថយអត្រានៃការស្លាប់របស់ពលរដ្ឋយើង។ លោកអែម សុខុម ប្រជាពលរដ្ឋរស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប បានឱ្យដឹងថា លោកស្ម័គ្រចិត្តមកទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ តាមការកំណត់របស់រាជរដ្ឋាភិបាល ដោយលោកយល់ថាវ៉ាក់សាំងនេះ អាចការពារសុខភាពលោក និងប្រជាពលរដ្ឋ ដទៃទៀត ពីការវាយលុកនៃជំងឺកូវីដ១៩ដ៏កាចសាហាវនេះបាន និងអាចធ្វើឱ្យស្ថាន ភាពវិលទៅរកភាពប្រក្រតីឡើងវិញ។លោកក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ ពីសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ សូមជម្រាបផងដែរថា នៅក្នុងផែនការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ១៩ ដំណាក់កាលទីពីរ ជំហានទី១ នៅទូទាំងក្រុងសៀមរាប មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ដោយ គ្រោងនឹងចាក់ជូនប្រជា ពលរដ្ឋ ប្រមាណ ២១០,៨០០នាក់រស់នៅក្នុងក្រុងសៀមរាប និងជំហានបន្តត្រូវចាក់ ជូនប្រជាពលរដ្ឋនៅតាមបណ្តាស្រុកដទៃទូទាំងខេត្តសៀមរាប៕
www.information.gov.kh