ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៣ វត្ត នៅស្រុកពារាំង ខេត្តព្រៃវែង
កណ្តាល៖ ចេញផ្សាយថ្ងៃ សៅរ៍ ៨កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០២១។
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៣ វត្ត នៅស្រុកពារាំង ខេត្តព្រៃវែង
(ព្រៃវែង)៖ នៅថ្ងៃសៅរ៍ ៨កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បាននាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៣ វត្ត ស្ថិតនៅស្រុកពារាំង ខេត្តព្រៃវែង។
ទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យដែលត្រូវបាននាំយកទៅប្រគេនដល់ព្រះសង្ឃចំនួន ១៣ វត្តនាឱកាសនោះ ក្នុងមួយវត្ត ឯកឧត្តម បានប្រគេនទៀនវស្សា ១គូ, ស្លាដក់ ១ឈុត, ទឹកដោះគោ ១កេស, ស្ករស ១០គីឡូក្រាម, ទឹកត្រី ៤យួរ, ទឹកស៊ីអុីវ ៤យួរ, ត្រីខ ១កេស, មីម៉ាម៉ា ១កេសធំ, ទឹកបរិសុទ្ធ ៥កេស, ទឹកក្រូច ៥កេស, ប្រេងម៉ាស៊ូត ១កាន, អង្ករផ្កាម្លិះ ១០០គីឡូក្រាម, តែ ៥គីឡូក្រាម, ម៉ាស់ ១កេស, បច្ច័យកសាងវត្ត ២,០០០,០០០រៀល ប្រគេនព្រះសង្ឃ បច្ច័យ ១០០,០០០រៀល ជូនតាជីយាយជីម្នាក់ៗ ៥០,០០០រៀល, សរុបថវិកា ៥៥,៨០៩,០០០រៀល។
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានឧទ្ទិសកុសលផលបុណ្យ និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនកើតមានដល់ក្រុមគ្រួសារ មន្ត្រីរាជការក្រោមឱវាទ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា សូមទទួលបានសុភមង្គល ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ជំនាញសុខាភិបាលឲ្យបានត្រឹមត្រូវ និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឲ្យកើតក្នុងគ្រួសារ និងនៅក្នុងមូលដ្ឋានរបស់ខ្លួន ៕
( ប្រភព: អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ)