សម្តេចតេជោ ហ៊ុន សែន៖ ហាត់ប្រាណគឺជាវិធីដ៏ល្អសម្រាប់មនុស្សគ្រប់រូប ដែលអាចហាត់បាន រាប់ទាំងអ្នកមានវិជ្ជមានកូវីដ-១៩ ដែលមិនធ្ងន់ធ្ងរ និងអ្នកកំពុងធ្វើចត្តាឡីស័ក
កណ្តាល៖ ចេញផ្សាយថ្ងៃអង្គារ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០២១។
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅលើផេកផ្លូវការនារសៀលថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២១ថា៖
ហាត់ប្រាណគឺជាវិធីដ៏ល្អសម្រាប់មនុស្សគ្រប់រូប ដែលអាចហាត់បាន រាប់ទាំងអ្នកមានវិជ្ជមាន កូវីដ-១៩ដែលមិនធ្ងន់ធ្ងរ និងអ្នកកំពុងធ្វើចត្តាឡីស័ក។
សម្ដេចតេជោបន្តថា របៀបហាត់ខុសៗគ្នាទៅតាមចំណូលចិត្ត តាមវ័យ តាមលទ្ធភាពដែលអាចធ្វើបានដើម្បីរក្សាសុខភាព។ សម្ដេចតេជោបានលើកឡើងថា «តាំងពីកូវីដ-១៩រាតត្បាតខ្លាំង ខ្ញុំបានជ្រើសរើសយកការធាក់កង់ជាប្រចាំ មួយថ្ងៃ៦០នាទី-៩០នាទី និងច្រើនបំផុត១២០ នាទីទៅតាមទម្ងន់មុនពេលហាត់។ខ្ញុំរក្សាទម្ងន់៧៦ .៧៧ .៧៨ ដែលកាលពី៥ខែមុនឡើងដល់ ៨៧ស្ទើរតែរកខោស្លៀកលែងបាន»។ សម្ដេចតេជោថ្លែងទៀតថា ថ្ងៃនេះខ្ញុំស្លៀកខោខ្លីជិះកង់ហាត់ប្រាណប្លែកពីលើកមុន ដែលស្លៀកខោវែង។ និយាយតិចៗកុំឱ្យប្រពន្ធខ្ញុំលឺ គាត់ប្រាប់ខ្ញុំថា (បើទៅហាត់ប្រាណត្រូវស្លៀកវែងកុំស្លៀកខោខ្លី)។ខ្ញុំមិនដឹងថាតើគាត់ខ្លាចខ្ញុំត្រូវក្តៅខ្មៅ គាត់ខ្លាចមនុស្សផ្សេងឃើញជើងខ្ញុំក្រៅពីគាត់ (សូមទោសនិយាយលេងទេកុំប្រកាន់)