ខេត្តស្ទឹងត្រែង៖ ក្រសួងបរិស្ថានបង្កើនការអភិរក្សសត្វព្រៃនៅតំបន់ ព្រៃឡង់ ស្ថិតក្នុងឃុំសៀមបូក
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។
ក្រសួងបរិស្ថានបង្កើនការអភិរក្សសត្វព្រៃនៅតំបន់ ព្រៃឡង់ក្នុងឃុំសៀមបូកខេត្តស្ទឹងត្រែងដើម្បីចូលរួមថែរក្សាធនធានម្មជាតិដែលនៅសែសសល់ទាំងនោះអោយបានគង់វង្ស។
ក្នុងឱកាសចុះពិនិត្យទីតាំងសាងសង់ទីស្នាក់ការ អភិរក្សតំបន់ដែនជម្រកសត្វព្រៃឡង់ នៅឃុំសៀមបូក ស្រុក
សៀមបូក ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៧ មិថុនា ឯកឧត្តមផៃប៊ុនឈឿនរដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ របស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែងមានប្រសាសន៍ថាដែនជម្រកសត្វ ព្រៃឡង់ត្រូវបានប្រកាសជាតំបន់ការពារធម្មជាតិនៅឆ្នាំ២០១៦ ហើយបច្ចុប្បន្នមានជនខិលខូចមួយចំនួនចេះតែលួចលាក់ប្រើប្រាស់អាវុធកែច្នៃចូលបរបាញ់សត្វព្រៃ ហើយខ្លះទៀតបានកាប់ រុករាន ឆ្ការ ដុតព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិឯកជន។
ឯកឧត្តមបន្តថា បញ្ហានេះសមត្ថកិច្ចពាក់ព័ន្ធនិងមន្ត្រីបរិស្ថានបានរួមសហការគ្នាយ៉ាងសកម្មក្នុងការដើរល្បាត ទប់ស្កាត់ បង្ក្រាប រាល់បទល្មើស ហើយក្រសួងកំពុងរៀបចំបង្កើតទីស្នាក់ការថ្មីមួយបន្ថែមទៀតដើម្បីបង្កើនការការពារឱ្យមានប្រសិទ្ធភាពក្នុងការថែរក្សារសត្វព្រៃ និងតំបន់ព្រៃបៃតង។
លោក អេង ភិរុងប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងមានប្រសាសន៍ថា ប៉ុន្មានឆ្នាំចុងក្រោយនេះអាជ្ញាធរពាក់ព័ន្ធបានសហការគ្នាធ្វើការអប់រំផង និងបង្ក្រាបផង និងមានករណីខ្លះសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាង យកមកអនុវត្តតាមនីតិវិធីផ្លូវច្បាប់ក៏មានដែរ។
លោកដួងពៅអភិបាលរងខេត្ត បានលើកឡើងថា៖កិច្ចការងារអភិរក្សប្រជាពលរដ្ឋមិនដែលជំទាស់ទេមានតែចូលរួមផ្តល់ព័ត៌មានទៅសមត្ថកិច្ច តែការមកបង្ក្រាបពុំទាន់មានប្រសិទ្ធភាព ព្រោះនៅមានជនខិលខូចចូលមកកាប់ឈើធ្វើអាជីវកម្មក្នុងព្រៃឡង់ ។
លោកបន្តថា ការអភិរក្សតំបន់ព្រៃឡង់នេះ ប្រជាពលរដ្ឋពិតជាចង់បាន ដើម្បីរក្សាបាននៅដើមឈើទាលដែលពួកគាត់អាស្រ័យផលសព្វថ្ងៃកុំឱ្យបាត់បង់។
លោក ទំសារុំ មេឃុំសៀមបូក បានអះអាងថា៖អាជ្ញាធរភូមិដែលមានភូមិសាស្ត្រនៅជិតតំបន់នេះបានផ្សព្វផ្សាយច្បាប់ស្តីពីព្រៃឈើបានទូលំទូលាយនិងអប់រំប្រជាពលរដ្ឋឱ្យប្តូរពីការពឹងផ្អែកលើផលអនុផលព្រៃឈើមកដាំដំណាំកសិកម្មវិញ ។ តែសូមឱ្យផ្នែកជំនាញកំណត់ដែនអភិរក្សឱ្យបានច្បាស់លាស់ ដើម្បីឱ្យប្រជាពលរដ្ឋមានភាពងាយស្រួលប្រកបរបរចិញ្ចឹមជីវិត ។
សូមបញ្ជាក់ថា៖តំបន់ព្រៃឡង់នៅភូមិសាស្ត្រស្ថិតនៅខេត្តចំនួន៤ មានខេត្តស្ទឹងត្រែង ក្រចេះ កំពង់ធំ និងខេត្តព្រះវិហារ ដែលជាតំបន់សម្បូរធនធានព្រៃឈើនៅសេសសល់ចុងក្រោយនៅក្នុងតំបន់៕