មន្ត្រីជំនាញកសិកម្ម បានរំពឹងទុកថា ការនាំអង្ករចេញរបស់កម្ពុជានៅឆ្នាំ២០២០នេះ នឹងអាចកើនរហូតទៅដល់ជិត១លានតោន
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។
មន្ត្រីជំនាញកសិកម្មរំពឹងថា ការនាំចេញអង្កររបស់កម្ពុជា ក្នុងឆ្នាំ២០២០នេះ នឹងមានការកើនឡើងរហូតដល់ទៅជិត១លានតោន ខណ:ត្រឹមតែរយ:ពេល៥ខែ នៅឆ្នាំនេះ កម្ពុជានាំចេញអង្ករបានចំនួនជាង៣៥ម៉ឺនតោន។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី “សក្ដានុពលនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដែលមានការទាក់ទងនឹងភូតគាមអនាម័យ”កាលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា គិតត្រឹមរយ:ពេល ៥ខែនៅឆ្នាំ២០២០នេះ កម្ពុជា បាននាំចេញអង្ករទៅកាន់បណ្ដាប្រទេសនានា លើពិភពលោក បានចំនួនជាង៣៥ម៉ឺនតោន កើនឡើង៤២,៣៩ភាគរយ បើធៀបទៅនឹងរយៈដូចគ្នាកាលពីឆ្នាំ២០១៩ ដែលការនាំចេញបានត្រឹមតែជាង២៥ម៉ឺនតោន។ឯកឧត្តមបានបញ្ជាក់ថា តាមរយៈការកើនឡើងនេះ ដែលយើងអាចប៉ាន់ស្មានថា ក្នុងឆ្នាំ២០២០នេះ ការនាំចេញអង្កររបស់កម្ពុជា នឹងមានការកើនឡើងរហូតដល់ទៅជិត១លានតោន ។
«សំឡេង៖ ដោយយើងសង្កេតឃើញថា នៅបណ្តាប្រទេសមួយចំនួន គឺគេបានកម្មង់អង្ករ ជាពិសេសអង្ករក្រអូបកម្ពុជាទៅសហគមន៍អឺរ៉ុបមានការកើនឡើង នេះជាសញ្ញាមួយដ៏ល្អសម្រាប់កម្ពុជា ចឹងទំហំនៃការនាំចេញរបស់យើង ខ្ញុំសង្ឃឹមថា អាច បានប្រហែលជិត១លានតោន ប្រសិនបើជាតាមសន្ទុះនៃការកម្ម៉ង់ ឬមួយក៏ការប៉ាន់ស្មានពីសហព័ន្ធស្រូវអង្ករ យ៉ាងហោចណាស់ក៏យើងបានប្រហែលជា៨០ម៉ឺនតោនអីដែរ ខណៈដែលកាលពីឆ្នាំ២០១៩យើងបាននាំចេញប្រហែលជា៦២ម៉ឺនតោន។»
ឯកឧត្តមបានបញ្ជាក់ទៀតថា នៅក្នុងរយៈពេលនេះ ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិនមានចំនួនជាង១៣ម៉ឺន៦ពាន់តោន បានកើនឡើងជាង២៥ភាគរយ ទៅកាន់សហភាពអឺរ៉ុបមានចំនួនជាង១២ម៉ឺនតោន គឺបានកើនឡើងដល់ទៅ៥៦ភាគរយ។ ដោយឡែកការនាំចេញទៅកាន់ទីផ្សារអាស៊ានវិញ គឺមានប្រមាណ៤ម៉ឺន៥ពាន់តោន កើនឡើង៤៥,៣៩ភាគ
រយ ខណៈនាំចេញទៅប្រទេសផ្សេងទៀត មានឥណ្ឌាជាដើម គឺបានកើនឡើងប្រមាណ៧៩ភាគរយ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ កម្ពុជានាំចេញអង្ករបានចំនួន៦២ម៉ឺនតោន ទៅកាន់បណ្ដាប្រទេសនានាលើពិភពលោក៕