ការហ្វឹកហាត់របស់ទាហានមួកខៀវ ចំនួន៣៧នាក់របស់កម្ពុជាមុនចេញទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលក្នុងឆ្នាំ ២០២២
កណ្តាល៖ ចេញផ្សាយថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ២០២១។
ការហ្វឹកហាត់របស់ទាហានមួកខៀវ ចំនួន៣៧នាក់របស់កម្ពុជា មុនចេញ ទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលក្នុងឆ្នាំ ២០២២
ភ្នំពេញ៖ សិក្ខាកាមទាហានមួកខៀវ នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពចំនួន៣៧នាក់ មុនចេញ ទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលក្នុងឆ្នាំ ២០២២ ធ្វើការហ្វឹកហាត់រយៈពេល១ខែ លើជំនាញជួយសង្គ្រោះជនរងគ្រោះ ក្នុងហេតុការណ៍ គ្រោះមហន្តរាយទឹកជំនន់កើតឡើងដោយធម្មជាតិ ដោយយោធាចារ្យ ពីបញ្ជាការដ្ឋាន កងទ័ពជើងទឹក។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក្នុងដំណើរចុះពិនិត្យការហ្វឹកហាត់ របស់ សិក្ខាកាម នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា សិក្ខាកាមជាទាហាន មួកខៀវ កម្ពុជាបានចាប់ផ្តើមហ្វឹកហ្វឺនជំនាញនេះ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ ក្រោយ បញ្ចប់វគ្គហ្វឹកហាត់នេះ សិក្ខាកាមទាំងអស់នឹងបន្តវគ្គហ្វឹកហាត់កាណូតរុញពោង ស្ពានដែក ចល័ត PMP ជាសាឡង់ ជាស្ពានពោងបណ្តែតទឹក និងរថយន្តស្ពានដែកចល័ត TMM ដោយសារការងារហ្វឹកហាត់ គឺត្រូវអនុវត្តន៍ច្រើននៅក្នុងតំបន់បេសកកម្ម អង្គការសហ ប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
ក្នុងវគ្គហ្វឹកហាត់សង្គ្រោះគ្រោះមហន្តរាយនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ឱ្យអូប័រសម្រាប់ធ្វើការហ្វឹកហាត់។ ជាមួយគ្នានេះ សិក្ខាកាម និងយោធាចារ្យ ត្រូវបានយកសំណាកមុនចូលហ្វឹកហាត់ ផងដែរ៕
www.information.gov.kh Sourcing