សមាជិករដ្ឋសភាចំនួន១១១រូបនៃចំនួនសមាជិកទាំងអស់បានលើកដៃអនុម័តសេចក្តីវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដែលមាន៣មាត្រាដោយកំណត់ឱ្យថ្នាក់ដឹកនាំកំពូលមានសញ្ជាតិខ្មែរតែមួយសម្រាប់ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាពរ
ចេញផ្សាយថ្ងៃអង្គារ៍ ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០២១។
ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១
សមាជិករដ្ឋសភាចំនួន១១១រូបនៃចំនួនសមាជិកទាំងអស់បានលើកដៃអនុម័តសេចក្តីវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដែលមាន៣មាត្រាដោយកំណត់ឱ្យថ្នាក់ដឹកនាំកំពូលមានសញ្ជាតិខ្មែរតែមួយសម្រាប់ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាពរ។ ការអនុម័តសេចក្តីព្រាងច្បាប់នេះធ្វើឡើងក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងដោយមានការចូលរួមពីសមាជិករដ្ឋសភា ចំនួន១១១រូប ក្នុងនោះក៏មានវត្តមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
យោងតាមសេចក្តីថ្លែងហេតុរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៥ មាត្រា៨២ មាត្រា១០៦ ថ្មី(មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីស្ថាប័នជាតិថា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលរបស់ជាតិ ដែលមាន ចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមានការទទួលខុសត្រូវក្នុងការសម្រេច លើកិច្ចការសំខាន់ៗ ដែលជាអាយុជីវិតរបស់ប្រទេសជាតិ សំដៅធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឧត្តមប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា និងការប្រឆាំងដាច់ខាតនឹងការជ្រៀតជ្រែក ពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ជាតិ ឬការបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់ កម្ពុជា។ សម្តេចតេជោបានបន្តថា ផ្អែកលើមូលដ្ឋាននេះ ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សុទ្ធតែត្រូវបានកំណត់ឱ្យមានកាតព្វកិច្ចត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង នៅចំពោះព្រះភ័ក្ត្រ ព្រះមហាក្សត្រ ព្រះភ័ក្រ្តនៃស ម្ដេចព្រះសង្ឃរាជ និងទេវតារក្សាស្វេតច្ឆត្រ ដោយត្រូវសច្ចាប្តេជ្ញាជាដាច់ខាតក្នុងការអនុវ ត្តកាតព្វកិច្ចស្មោះត្រង់ចំពោះជាតិនិងការការពារឧត្តមប្រយោជន៍ដែលជាអាយុជីវិតរបស់ជាតិ និងប្រជាជនកម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានលើកឡើងថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ដែលមានការពាក់ព័ន្ធ ក៏បានតម្រូវឱ្យតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងអស់ ត្រូវតែមាន សញ្ជាតិខ្មែរតាំងពីកំណើត។ បន្ថែមពីនេះ ប្រធាន អនុប្រធាន និងសមាជិកទាំងអស់នៃ គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោតដែលជាស្ថាប័នមានចែងក្នុងរដ្ឋធម្មនុញ្ញផងដែរ នោះ ក៏ត្រូវបានច្បាប់កំណត់ឱ្យត្រូវតែ មានសញ្ជាតិខ្មែរពីកំណើត និងមានសញ្ជាតិខ្មែរ តែ មួយគត់ ដើម្បីធានាឱ្យការបំពេញភារកិច្ចរបស់ខ្លួនទាក់ទងនឹងការងារបោះឆ្នោត ដែលជាស្នូលនៃដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ប្រព្រឹត្តទៅដោយឯករាជ្យ ដើម្បីធានាការពារឧត្តមប្រយោជន៍ជាតិពីការជ្រៀតជ្រែកពីខាងក្រៅចូលក្នុងកិច្ចការផ្ទៃក្នុង ទាក់ទងនឹងកិច្ចដំណើរការបោះឆ្នោត។
សម្តេចតេជោបានគូសបញ្ជាក់ថា “ដើម្បីធានាឱឡារិកភាពទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយចំពោះគោលជំហរ និងការប្តេជ្ញាចិត្តស្មោះត្រង់ឥតងាករេចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈទាំងអស់ និងដើម្បីធានាការពារឧត្តម ប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជាពីការជ្រៀតជ្រែកពីបរទេស ខ្ញុំ ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយយោងតាមមាត្រា១៥៣ ថ្មី(ពីរ) នៃធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា សូមស្នើធ្វើវិសោធនកម្មមាត្រា១៩ ពី មាត្រា៨២ ថ្មី មាត្រា១០៦ ថ្មី(មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និង មាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ សំដៅចារឹកគោលការណ៍គ្រឹះទាំងនេះចូលទៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ ដោយកំណត់ឱ្យប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែលមាន “សញ្ជាតិខ្មែរតែមួយគត់”។”
បើតាមសម្តេចតេជោនាយករដ្ឋមន្រ្ដី សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី មាត្រា៨២ ថ្មី មាត្រា១០៦ ថ្មី(មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤នៃច្បាប់ធម្មនុញ្ញ បន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ត្រូវបានដាក់ឆ្លងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី នាថ្ងៃសុក្រ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ។ សម្ដេចតេជោបានបន្ថែមថា “ខ្ញុំបានក្រាបបង្គំទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជារួចហើយ នូវអត្ថបទនៃសេចក្តីព្រាងច្បាប់ធម្មនុញ្ញនេះ ដើម្បីព្រះករុណាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់មានព្រះរាជតម្រិះពិគ្រោះអតិជាមួយក្រុមប្រឹក្សាធម្មនុញ្ញ ស្របតាមមាត្រា១៤៣ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយព្រះករុណាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានផ្ញើព្រះរាជសារតបដោយភ្ជាប់នូវលិខិតរបស់ ក្រុមប្រឹក្សាធម្មនុញ្ញ ដូចមានសេចក្ដី ចម្លងភ្ជាប់ជូនមកជាមួយនេះ”។
ជាមួយគ្នានេះ សម្តេចតេជោបានស្នើឱ្យ រដ្ឋសភាពិនិត្យនិងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី មាត្រា៨២ ថ្មី មាត្រា១០៦ ថ្មី(មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ៕
information.gov.kh Sourcing