January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សត្វពង្រូលជាប្រភេទសត្វកំពុងរងការគំរាមកំហែងខ្លាំងបំផុត អាចឈានទៅរកការផុតពូជនៅលើពិភពលោក

ចេញផ្សាយថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ២៣ ខែ​ វិច្ឆិកា ​ឆ្នាំ​២០២១។

 សត្វពង្រូលជាប្រភេទសត្វកំពុងរងការគំរាមកំហែងខ្លាំងបំផុត អាចឈានទៅរកការផុតពូជនៅលើពិភពលោក ដែលត្រូវបង្កើនការថែរក្សាអភិរក្សប្រភេទសត្វនេះ ឱ្យនៅគង់វង្ស ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា សត្វពង្រូលជាប្រភេទថនិកសត្វ ដែលត្រូវបាន គេជួញដូរច្រើនបំផុតលើពិភពលោក ជាពិសេសគឺការជួញដូរពាណិជ្ជកម្មអន្តរជាតិ ដោយខុសច្បាប់ ដើម្បីយកទៅធ្វើជាឱសថបូរាណ ថ្នាំប៉ូវសុខភាព ក៏ដូចជាថ្នាំព្យាបាលជំងឺផ្សេងៗ ។ ប៉ុន្តែតាមពិត តាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រនិងអ្នកវេជ្ជសាស្ត្របានបញ្ជាក់ថា ឈាម ឬស្រកា ឬក៏ផ្នែកណាមួយនៃសត្វពង្រូលក៏ដូចជាសត្វព្រៃដទៃទៀត ពុំមានលក្ខណៈវេជ្ជសាស្រ្ត ឬវិទ្យាសាស្រ្តណាមួយអះអាងនោះទេថា អាចផ្សំ ឬលាយជាមួយអ្វីមួយ ដើម្បីចេញជាថ្នាំព្យាបាល ថ្នាំបង្កើនសុខភាព ឬជំនួយសុខភាពនោះទេ ប៉ុន្តែវាអាចជាប្រភពចម្លងជំងឺ ពីសត្វនោះមកមនុស្សទៅវិញទេ ។ អ្វីដែលគេបានអនុវត្តពីមុនមកនោះ គឺជាការជឿតៗគ្នា ដែលធ្វើឱ្យប្រភេទសត្វកម្រនេះទទួលរងនូវការ គំរាមកំហែងខ្លាំងបំផុតជិតផុតពូជនៅលើពិភពលោក ។

ឯកឧត្តមបន្តថា សត្វពង្រូលត្រូវបានចាត់ទុកក្នុងបញ្ជីក្រហមរបស់អង្គការ IUCNថាជាប្រភេទសត្វកំពុងរងការគំរាមកំហែងខ្លាំងបំផុត (Critically endangered) ឈានទៅរកការផុតពូជ នៅលើពិភពលោក ។ គេមិនមានទិន្នន័យពិតប្រាកដថា នៅលើពិភពលោក មានសត្វពង្រូលប៉ុន្មានក្បាលនោះទេ តែចំនួនសត្វពង្រូលត្រូវបានគេជឿថាមានការថយចុះច្រើន ។ ចំណែកកម្ពុជាបានចាត់ទុកសត្វពង្រូលថាជាប្រភេទសត្វកម្រ និងមិនមានការបញ្ជាក់ពីចំនួនពិតប្រាកដឡើយ ហើយប្រភេទសត្វនេះ រងគ្រោះដោយសារតែការបរបាញ់ ដាក់អន្ទាក់ និងធ្វើអាជីវកម្ម ។

ឯកឧត្តមបន្ថែមថា យោងតាមការសិក្សាផ្នែកជីវសាស្ត្រ សត្វពង្រូលជាប្រភេទសត្វដែលស្លូតនិងអៀនច្រើន ហើយពុំមានបង្កហានិភ័យ ណាមួយដល់មនុស្សនោះទេ បើទោះបីជាវាកំពុងត្រូវបានរំខានក៏ដោយ ។ ពង្រូលមានត្រចៀកតូច ហើយស្បែកមានស្រកាក្រាស់ស្ទើរ ពេញដងខ្លួន ជាសត្វមិនរហ័សរហួននោះទេ ហើយនៅពេលជួបការគំរាមកំហែង ពង្រូលតែងតែរមូលខ្លួនលាក់មុខ និងយកកន្ទុយរុំដងខ្លួន ដើម្បីការពារខ្លួន ។ ពង្រូល ស៊ីសត្វល្អិតជាចំណី ដូចជាស្រមោច អង្ក្រង និងកណ្ដៀរជាដើម តាមរយៈអណ្តាតដែលមានប្រវែងប្រមាណ ២៥សង្ទីម៉ែត្រ របស់វា ។ ជាទូទៅពង្រូលអាចបង្កើតកូនបានម្ដង១ ទៅ ២ក្បាល ក្នុងរយៈពេលពពោះប្រមាណ៥ខែ ខណៈអាយុពេញវ័យ អាចបន្តពូជបាន គឺក្នុងអំឡុងពេលអាយុ២ឆ្នាំ ហើយជាទូទៅពង្រូលអាចរស់នៅបានរហូតដល់អាយុ២០ឆ្នាំ ។ ប្រទេសកម្ពុជា គឺជាជម្រក រស់នៅរបស់សត្វពង្រូលមួយប្រភេទមានឈ្មោះថា Sunda Pangolin ឬ Malayan or Javan pangolin ដែលមានឈ្មោះវិទ្យាសាស្រ្តថា Manis javanica ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាននិងអង្គការដៃគូបានខិតខំប្រឹងប្រែងក្នុងការការពារនិងអភិរក្សប្រភេទសត្វកម្រៗទាំងនេះ ដោយទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដោះអន្ទាក់ចេញពីតំបន់ការពារធម្មជាតិ និងធ្វើឱ្យតំបន់ការពារធម្មជាតិ ក្លាយជាទីជម្រកដ៏សុខសាន្ត របស់ប្រភេទសត្វគ្រប់ប្រភេទក្នុងនោះក៏មានប្រភេទសត្វពង្រូលផងដែរ ៕

information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.