ឯកឧត្តម គួច ចំរើន នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ក្នុងស្រុកព្រៃនប់
ចេញផ្សាយថ្ងៃសៅរ៍ ៨រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០២១។
ព្រះសីហនុ៖ ថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២១
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២១បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្នានទីពឹង នៅក្នុងបរិវេណវត្តអូរចំណា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីទុកប្រើប្រាស់នារដូវរងាខាងមុខ ។
ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្នានទីពឹងមកពី ៧ឃុំ មានចំនួន ១៨៤នាក់ ក្នុងនោះឃុំបិតត្រាំង១៦នាក់ ឃុំរាម៤០នាក់ ឃុំអូរឧកញ៉ាហេង១១នាក់ ឃុំបឹងតាព្រហ្ម៦៤នាក់ ឃុំអូរជ្រៅ១៧នាក់ ឃុំព្រៃនប់១៦នាក់ ឃុំទួលទទឹង ២០នាក់។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សីហនុ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ជូនចំពោះប្រជាប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹងនៅស្រុកព្រៃនប់។ សម្តេចតេជោបានធ្វើការណែនាំឱ្យអាជ្ញាធរពិនិត្យមើលប្រជាពលរដ្ឋដែលមានអាយុច្រើន និងមានជីវភាពខ្វះខាត ដោយសារតែអាកាសធាតុចុះត្រជាក់នៅដើមខែធ្នូខាងមុខវាអាចមានការកំរាមកំហែងដល់សុខភាព។ ជារៀងរាល់ឆ្នាំនៅពេលចុះខ្យល់ត្រជាក់ប្រជាពលរដ្ឋមានការឆ្លងនូវជំងឺផ្តាសសាយ ក៏ប៉ុន្តែនៅឆ្នាំកន្លង ក៏ដូចឆ្នាំនេះកម្ពុជា ក៏ដូចជាពិភពលោក មានការគំរាមកំហែងនឹងជំងឺកូវីដ-១៩ នៅពេលចុះត្រជាក់យើងពិបាកក្នុងការគ្រប់គ្រងជំងឺកូវីដ។ ម្យ៉ាងទៀតឆ្នាំនេះ បើតាមការព្យាករណ៍ មានការចុះត្រជាក់ជាងឆ្នាំកន្លងមក ទើបសម្តេចតេជោ បានធ្វើការណែនាំដល់អាជ្ញាធរយកអាវរងារ ភួយ ចែកជូនចាស់ ជរា និងប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន ដើម្បីប្រើប្រាស់រក្សាកម្ដៅទប់ទល់នឹងភាពត្រជាក់ ហើយនេះជាកាងារសង្គម និងជាការគិតគូរគ្រប់ជ្រុងជ្រោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះចាស់ជរា និងប្រជាពលរដ្ឋក្រីក្ររបស់យើងបានឆ្លុះបញ្ចាំង និងឆ្លើយតបបានទាន់ពេលវេលា។
ឯកឧត្តម អភិបាលខេត្តបន្តថា សម្តេច តេជោ បានខិតខំប្រឹងប្រែងរំដោះប្រទេសជាតិធ្វើការអភិវឌ្ឍប្រទេសមានការរីកចម្រើនឥតឈប់ឈរ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ទន្ទឹមនោះសម្តេចក៏តែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹង ទោះបីសម្តេចនៅឆ្ងាយ ក៏ប៉ុន្តែនៅតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា។
ឯកឧត្តម អភិបាលខេត្ត បានកោតសរសើរអាជ្ញាធរភូមិ ឃុំ ក្រុមប្រឹក្សាឃុំ គណៈអភិបាលស្រុក ពួកគាត់នៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងមូល ដ្ឋាន និងស្វែងយល់ពីការលំបាក ខ្វះខាតរបស់លោកយាយ លោកតាគ្រប់ពេលវេលា សូមលោកតា លោកយាយគាំទ្រដល់ពួកគាត់ដើម្បីគាត់មានលទ្ធភាពបម្រើបងប្អូនបន្តទៀត។ព្រមទាំងបានអំពាវនាវលោកយាយ លោកតាត្រូវថែទាំសុខភាពពេលអាកាសធាតុចុះត្រជាក់ ទី១.កុំឱ្យឆ្លងជំងឺកូវីដ ទី២.កុំឱ្យឆ្លងជំងឺផ្តាសសាយ ដោយត្រូវពាក់ម៉ាស លាង សម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ជែល អាល់កុល រក្សាគម្លាតសុវត្ថិភាពជាការសំខាន់សម្រាប់ខ្លួនយើង ក្រុមគ្រួសារ កូនចៅមានសុខភាពល្អ។
អំណោយសម្តេចតេជោផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្នានទីពឹងចំនួន១៨៤នាក់ មកពីឃុំទាំង៧ ក្នុងស្រុកព្រៃនប់ រួមមាន អាវរងា០១ ភួយ០១ ក្រម៉ា០១ តែ ០៦កញ្ចប់ ស្ករស ១គីឡូក្រាម ទឹកគោខាប់ ០៦កំប៉ុង នំ ០១ប្រអប់ និងថវិកា ៥ម៉ឺនរៀល ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២១ ប្រជាពលរដ្ឋក្រីក្រ និងចាស់ ជរាក្នុងស្រុកព្រៃនប់ចំនួន២២០នាក់ មកពីឃុំចំនួន៨ បានទទួលអំណោយសម្តេចតេជោ មានអាវរងារ ភួយ ស្ករស តែ ទឹកដោះគោខាប់ នំ និងថវិកាផងដែរ ៕
information.gov.kh