គណបក្សប្រជាជនកម្ពុជាបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលអនាគត
ចេញផ្សាយថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២១។
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជាបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ដែលនឹងដឹកនាំប្រទេសកម្ពុជាឱ្យកាន់តែ រីកចម្រើន សន្តិភាព សម្បូរសប្បាយរុងរឿងតទៅមុខទៀត។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖ ឯកឧត្តម សួស យ៉ារ៉ា អ្នក នាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់សន្និបាតគណៈកម្មាធិ ការកណ្តាលលើកទី៤៣ នៃគណបក្សប្រជាជនកម្ពុជា ឱ្យដឹងថា សន្និបាតបានប្រព្រឹត្ត ទៅក្នុងស្មារតីឯកភាព ប្រជា ធិបតេយ្យ និងការទទួលខុស ត្រូវខ្ពស់បំផុតចំពោះបុព្វហេតុជាតិ និងប្រជាជន ដោយបានសម្រេចលទ្ធផលដូចជា បោះឆ្នោត ជ្រើសតាំង បន្ថែម សម្តេចពិជ័យសេនា ទៀ បាញ់ ជាអនុប្រធានគណបក្ស និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្ស ។
ឯកឧត្តមបានបន្តថា គណៈកម្មាធិការកណ្តាលក៏បានបន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងបានសម្រេចជាឯកច្ឆ័ន្ទជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។ បន្ថែមពីនោះទៀត ក៏បាកពិភាក្សាអំពីកិច្ចការមួយចំនួនស្តីពីការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ អង្គសន្និបាតបានយល់ជ្រួតជ្រាបស៊ីជម្រៅអំពីខ្លឹមសារនៃទស្សនៈសភាពការណ៍ ឆ្នាំ២០២១ និងទិសដៅភារកិច្ចសំខាន់ៗរបស់គណបក្សក្នុងឆ្នាំ ២០២២។ ឯកឧត្តមបានបញ្ជាក់ថា ការសម្រេចជាឯកច្ឆ័ន្ទ ពីសមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាលចំនួន ៧៧៥រូប ដោយជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត គឺដោយសារសមាជិកទាំង អស់បានស្គាល់ពីគុណសម្បត្តិជាក់ស្តែងរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ក្រៅពីភារកិច្ចធំៗក្នុងការបម្រើជាតិ ដែលឯកឧត្តមជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើង គោក ជាអ្នកទទួលខុសត្រូវក្នុងវិបត្តិកូវីដ១៩ ដោយបានចូលរួមយ៉ាងសំខាន់ក្នុងការ សង្គ្រោះប្រជាជននិងទប់ស្កាត់ជំងឺកូវីដ១៩ ។ សំឡេង « អ្វីដែលដែលយើងជឿជាក់នោះ ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាកុលបុត្រមួយរបស់ខ្មែរ ដែលមានទាំង គុណសម្បត្តិផ្នែកចំណេះ ដឹង ចំណេះធ្វើ ហើយការតស៊ូនៅក្នុងបេសកកម្មនានារបស់ជាតិ ដោយពិតប្រាកដនិងមិនអាចប្រកែបានទេ ដោយគ្រប់គ្នាឯកឧត្តម ហ៊ុន ម៉ាណែតមិនដែលនិយាយពាក្យនឿយហត់ មិនដែលត្អូញត្អែទេ ដូច្នេះអ្វីដែលប្រកួតប្រជែង ដើម្បីសុខសន្តិភាពដ៏ពិតប្រាកដ អ៊ីចឹងការដណ្តើមបេក្ខភាព យើងបើកសេរីជាមួយនឹងគណបក្សផ្សេងៗ ប៉ុន្តែយើងមានជំនឿលើបេក្ខភាពរបស់យើងដាច់ខាតត្រូវតែឈ្នះ »។
គណៈកម្មាធិការកណ្តាល ក៏បានអំពាវនាវគណៈកម្មាធិ ការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋាន និងមន្ត្រី សមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជា សូមពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ខិតខំបន្តអនុវត្តកម្មវិធីនយោបាយ និងសេចក្តីសម្រេចនានារបស់គណបក្សឱ្យបានសម្រេចជោគជ័យ ដើម្បីបម្រើផល ប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិ និងប្រជាជន។ សូមឱ្យជនរួមជាតិទាំងមូលទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីថែរក្សាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឱ្យបានរឹងមាំ ស្ថិតស្ថេរគង់វង្សជារៀងដរាប ៕
information.gov.kh