January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ប្រធានកម្មវិធីតំបន់ប្រចាំអាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) អបអរសាទរសម្ដេចតេជោ ហ៊ុន សែន ដែលបានទទួលធ្វើជាប្រធានអាស៊ានប្ដូរវេន

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ៣ ខែ​មីនា ​ឆ្នាំ​២០២២។

ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២-

ឯកឧត្ដម Joo-Ok Lee ប្រធានកម្មវិធីតំបន់ប្រចាំអាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានទទួលធ្វើជាប្រធានអាស៊ានប្ដូរវេន និងសម្ដែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងជាទីបំផុតចំពោះវឌ្ឍនភាព និងការវិវត្តរបស់កម្ពុជា។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានថ្លែងឱ្យដឹងដូច្នេះ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Joo-Ok Lee ប្រធានកម្មវិធីតំបន់ប្រចាំអាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក(WEF) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ ឯកឧត្ដម Joo-Ok Lee បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានទទួលធ្វើជាប្រធានអាស៊ានប្ដូរវេន និងសម្ដែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងជាទីបំផុតចំពោះវឌ្ឍនភាព និងការវិវត្តរបស់កម្ពុជា។

ឯកឧត្ដមមានប្រសាសន៍ថា ឯកឧត្ដមបានមកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ២០១៧ ហើយនៅពេលនេះកម្ពុជាមានការអភិវឌ្ឍយ៉ាងខ្លាំង ទោះបីជាក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ។ ឯកឧត្ដមមានប្រសាសន៍បន្ថែមថា ប្រសិនណាបើគ្មានការរីរាលដាលនៃជំងឺកូវីដ១៩នោះទេ កម្ពុជាពិតជាមានការអភិវឌ្ឍលឿនជាងនេះមិនខាន។

ជាមួយគ្នានេះដែរ ឯកឧត្ដម Joo-Ok Lee បានគោរពជម្រាបជូនសម្ដេចតេជោ អំពីដំណើរការរៀបចំកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនា ឆ្នាំ២០២២ខាមុខនេះ ជាមួយនឹងការទន្ទឹងទទួលអនុសាសន៍និងទស្សនៈរបស់សម្ដេចតេជោ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងនាមសម្ដេចតេជោជាប្រធានអាស៊ាន។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានយល់ស្របជាមួយនឹងឯកឧត្ដម Joo-Ok Lee ដែលថា ប្រសិនណាបើកុំមានការរីករាលដាលជំងឺកូវី១៩នោះ កម្ពុជានឹងមានការអភិវឌ្ឍលឿនជាងនេះ ជាមួយ នឹងការកាត់បន្ថយភាពក្រីក្រកាន់តែច្រើនថែមទៀត។

ទោះជាយ៉ាងណាសម្ដេចតេជោ ក៏បានជម្រាបជូនឯកឧត្ដម Joo-Ok Lee ផងដែរថា កម្ពុជាបានចាក់ស្រោចវ៉ាក់សាំងទប់ស្កាត់ជំងឺកូវីដ១៩ ហើយក៏បានបើកប្រទេសឡើងវិញកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ហើយអ្វីដែលជាការគួរកត់សម្គាល់នោះ សេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងមានការកើនឡើង ប្រមាណ៥,៦ភាគរយសម្រាប់ឆ្នាំ២០២២។ ពាក់ព័ន្ធនឹងទស្សនៈសម្ដេចតេជោក្នុងនាមជាប្រធានអាស៊ាន សម្ដេចតេជោបានមានប្រសាសន៍ថា អ្វីដែលសម្ដេចចង់បាន គឺអាស៊ានសហការបើកប្រទេសវិញព្រមៗគ្នា ជំរុញទំនាក់ទំនងក្នុងក្របខ័ណ្ឌ AFTA ជំរុញពាណិជ្ជក្នុងតំបន់បំពេញឱ្យគ្នាទៅវិញទៅមក រស់នៅក្នុងបរិបទថ្មីនៃសម័យកូវីដ១៩។

សម្ដេចតេជោ ក៏បានផ្ដល់ជូនឯកឧត្ដម Joo-Ok Lee នូវទស្សនៈរបស់សម្ដេចពាក់ព័ន្ធនឹងរូបមន្ត ១បូក នោះគឺការវិនិយោគមិនប្រមូលផ្ដុំ គឺការវិនិយោគនៅប្រទេសមួយហើយ គប្បីណាវិនិយោគនៅប្រទេសជាប់នោះមួយទៀត ដើម្បីដោះស្រាយបញ្ហានៅពេលដែលប្រទេសមួយជួបនូវវិបត្តិ ដូចជា ជំងឺកូវីដរីករាតត្បាតជាដើម ប្រទេសមួយទៀតអាចបំពេញទៅឱ្យតម្រូវការ ដើម្បីរក្សាឱ្យខាងតែបាននូវស្ថេរភាពនៃការផ្គត់ផ្គង់ទំនិញ ក៏ដូចជា ទាញចំណាប់អារម្មណ៍ទៅលើការវិនិយោគ នៅលើវិស័យឌីជីថល។

សម្តេចតេជោបន្ថែមថា កន្លងមកនេះវិស័យឌីជីថល មិនត្រឹមតែមិនមានការប៉ះពាល់ដោយការរីករាតត្បាតនៃជំងឺកូវីដ១៩ទេ ផ្ទុយទៅវិញវិស័យនេះ បាននិងកំពុងតែវិវត្តន៍រីកចម្រើនយ៉ាងឆាប់រហ័ស៕

ប្រភព៖ information.gov.kh

 

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.