អ្នកសារព័ត៌មានច្រឡំរូប និងតំណែង រវាងលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកឧកញ៉ា លឹម ហេង ថៅកែកាស៊ីណូ ហើយកែតម្រូវឡើងវិញ
អ្នកសារព័ត៌មានច្រឡំរូប និងតំណែង រវាងលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកឧកញ៉ា លឹម ហេង ថៅកែកាស៊ីណូ ហើយកែតម្រូវឡើងវិញ
ភ្នំពេញ៖ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ បានសុំឲ្យអ្នកសារព័ត៌មានកែតម្រូវរូបភាព និងតំណែង ដែលត្រូវបានផ្សាយដោយភាន់ច្រឡំជាមួយលោកឧកញ៉ាថៅកែកាស៊ីណូ នៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ ដោយសារមានឈ្មោះដូចគ្នាពេក។
លោកឧកញ៉ាបានប្រាប់អ្នកសារព័ត៌មាន ដែលបានផ្សាយច្រឡំរូបថតដោយអចេតនា ឲ្យបានជ្រាបថា ខ្លឹមសារ និងឈ្មោះម្ចាស់កាស៊ីណូ នៅក្នុងអត្ថបទមិនមានជាប់ពាក់ព័ន្ធនឹងលោកឧកញ៉ាឡើយ ប៉ុន្តែការយករូបថតរបស់លោកឧកញ៉ា និងតំណែងរបស់លោកឧកញ៉ា ជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា គឺជារឿងមិនត្រឹមត្រូវឡើយ។
នាព្រឹកមិញនេះ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ដែលមានខ្លឹមសារថា «សូមអ្នកសារព័ត៌មានមួយចំនួន មុននឹងយករូបថតខ្ញុំចុះផ្សាយណាមួយ សូមមេត្តាស៊ើបឲ្យបានច្បាស់លាស់ជាមុនសិន ព្រោះករណីកាស៊ីណូនេះមិនមែនជារបស់ខ្ញុំទេ។ សូមមេត្តាជួយកែសម្រួលផង អរគុណ»។
យោងតាមរូបថតរបស់លោកឧកញ៉ា លឹម ហេង ថៅកែកាស៊ីណូ គឺមានវ័យចំណាស់ជាងលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។
សូមរំឭកថា ករណីអ្នកសារព័ត៌មានប្រើរូបថត និងតំណែងច្រឡំនេះ កើតឡើងក្នុងអត្ថបទេផ្សាយ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ដែលមានចំណងជើង៖ កាស៊ីណូរបស់ឧកញ៉ា លឹម ហេង បើកដៃឲ្យខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង បំពានបំរាមរាជរដ្ឋាភិបាល។
ចំណែកខ្លឹមសារនៃអត្ថបទនោះ មានន័យដូចខាងក្រោម៖
កាស៊ីណូមួយកន្លែង ដែលមានស្លាកយីហោ សាងាំ រីស៊ត កាស៊ីណូ ស្ថិតនៅជាប់ច្រកទ្វារអន្តរជាតិព្រំដែន កម្ពុជា-ថៃ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យបើកឲ្យពលរដ្ឋខ្មែរចូលលេង ដោយបំពានបម្រាមរាជរដ្ឋាភិបាល។
ជារាងរាល់ថ្ងៃ គេសង្កេតឃើញខ្មែរនាំគ្នាចូលលេងយ៉ាងពពាក់ពពូន នៅក្នុងកាស៊ីណូនេះ រហូតអ្នកខ្លះចាញ់បោសគូទខោ លក់អស់ដីធ្លីផ្ទះសម្បែង ឬរហូតរត់ចោលស្រុក ព្រោះខ្មាស់គេពេក។
បិរសម្នាក់ រស់នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ព្រោះខ្មាសគេពេក បានលើកឡើងថា កន្លងមក លោកធ្លាប់លង់ចាញ់ល្បែងក្នុងកាស៊ីណូខាងលើ ហើយសម្រេចចិត្តលក់ដីធ្លីផ្ទះសម្បែង ដើម្បីបានលុយចូលលេងស្រង់ដើមនៅក្នុងកាស៊ីនេះ ប៉ុន្តែនៅតែចាញ់ងើបមុខមិនរួចដដែល។
អ្នកចាញ់ល្បែងរូបនេះ បាននិយាយទៀតថា មិនមែនត្រឹមតែរូបលោកម្នាក់ឯងទេ ដែលលង់ខ្លួនចាញ់ល្បែងក្នុងកាស៊ីណូ ឈ្មោះ សាង៉ាំ រីស៊ត គឺមានពលរដ្ឋជាច្រើននាក់ទៀត ខ្លះលក់អស់ទ្រព្យសម្បត្តិ អស់ពីខ្លួន ព្រាត់ប្រាសក្រុមគ្រួសារ និងរត់ចោលស្រុកទៅធ្វើការនៅប្រទេសគេ ដោយសារចាញ់ល្បែងច្រើនពេក នៅក្នុងកាស៊ីណូខាងលើនេះ។
ម្ចាស់កាស៊ីណូខាងលើត្រូវបានគេស្គាល់ថា ជាកម្មសិទ្ធិរបស់លោកឧកញ្ញា លឹម ហេង ដែលគ្រាន់តែក្នុងខេត្តឧត្តមានជ័យ លោកមានកាស៊ីណូរហូតទៅដល់បីកន្លែង។
អ្នកកិច្ចការផ្នែកកាស៊ីណូ ក្នុងខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា កាស៊ីណូរបស់លោកឧកញ៉ា លឺម ហេង ដែលបើកដៃឲ្យខ្មែរចូលលេងតាមតែអំពើចិត្ត មានស្ថិតជាប់ព្រំដែនកម្ពុជា-ថៃ ជប់គគី, ច្រកទ្វារអន្តរជាតិអូរស្មាច់ និងច្រកទ្វារអន្តរជាតិ ជាំសាងាំ។
អ្នកបានដឹងសាច់រឿងច្បាស់ អំពីកាស៊ីណូ បានរៀបរាប់ថា ចាប់តាំងពីកាស៊ីណូខាងលើបើកដំណើរការ គេសង្កេតឃើញជនជាតិខ្មែរចូលលេងជារាងរាល់ថ្ងៃ ខុសពីសេចក្តីជូនដំណឹង (ស.ជ.ណ) របស់ទីស្តីការគណ:រដ្ឋមន្រ្តី។
ស.ជ.ណ របស់គណៈរដ្ឋមន្ត្រីបានកំណត់ថា ក្នុងវង់ល្បែងកាស៊ីណូនីមួយៗ គឺបើកទទួលភ្ញៀវឲ្យចូលលេងតែជនបរទេសតែប៉ុណ្ណោះ ហេីយដាក់កំហិតមិនឲ្យខ្មែរ ចូលលេងជាដាច់ខាត។
ចំពោះករណីវង់ល្បែងបំពានបំរាមរបស់រាជរដ្ឋាភិបាលខាងលើនេះ អ្នកសារព័ត៌មាន មិនអាចសុំការបកស្រាយពីតំណាងបានឡើយ ជាពិសេសលោកឧកញ៉ា លឹម ហេង ដែលជាម្ចាស់កាស៊ីណូខាងលើនេះ៕