January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សៀមរាប៖ តុលាការសម្រេចឃុំខ្លួនឧកញ៉ា ស៊ឹង ប៊ុណ្ណា ម្ចាស់ក្រុមហ៊ុនអចនទ្រព្យ ប៊ុណ្ណារៀលធី គ្រុប រឿងប្រើអាវុធខុសច្បាប់

ចេញផ្សាយថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ ២០២២

តុលាការសម្រេចឃុំខ្លួនឧកញ៉ា ស៊ឹង ប៊ុណ្ណា ម្ចាស់ក្រុមហ៊ុនអចនទ្រព្យ ប៊ុណ្ណារៀលធី គ្រុប រឿងប្រើអាវុធខុសច្បាប់

សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា ឧកញ៉ាស៊ឹង ប៊ុណ្ណា ដែលជាអ្នកជំនួញដ៏មានឥទ្ធពលម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួនបញ្ជូនទៅតុលាការនៅល្ងាចថ្ងៃទី៣១នេះ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់បាញ់បោះសេរី បង្អើលមេឃចំនួន៤គ្រាប់ នៅក្នុងផ្ទះរបស់ខ្លួន ដោយសារមូលហេតុខឹងប្រពន្ធដើរលេងយប់ជ្រៅពេក ។
សូមរម្លឹកថា កាលពីវេលាម៉ោង២៣និង០០នាទីថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចទទួលព័ត៌មានថាមានករណីផ្ទុះអាវុធ នៅចំណុចខាងលើ ។ ក្រោយពីទទួលបានព័ត៌មានហើយកម្លាំងសមត្ថកិច្ចចម្រុះដែលដឹកនាំដោយតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ក៏បានធ្វើការឡោមព័ទ្ធទីតាំងកន្លែងកើតហេតុ និងបានព័ត៌មានបំភ្លឺពីសាក្សីនៅនឹងកន្លែងកើតហេតុ ហើយបានទាក់ទងម្ចាស់ផ្ទះឈ្មោះ ប៊ុន សុគន្ធតា ត្រូវជាប្រពន្ធជនសង្ស័យ បានបំភ្លឺថាមានករណីផ្ទុះអាវុធចំនួន៤គ្រាប់ពិតប្រាកដមែន បង្កឡើងដោយប្ដីរបស់គាត់ឈ្មោះ ស៊ឹង ប៊ុណ្ណា ជាអ្នកបាញ់ដោយមូលហេតុខឹងនឹងរូបគាត់ត្រលប់មកផ្ទះយប់ជ្រៅ ។
សមត្ថកិច្ចបានបន្តថា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ឹង ប៊ុណ្ណា ភេទប្រុស អាយុ៤៧ឆ្នាំ កើតនៅភូមិភក់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បច្ចប្បន្នស្នាក់នៅក្រុមទី០៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ពីបទប្រើប្រាស់អាវុធខុសច្បាប់ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្ទះជនសង្ស័យភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។
យកមកសាកសួរព្រមទាំងបានឆែកឆេរ និងដកហូតបាននូវអាវុធខ្លីចំនួន ១ដើម ម៉ាកK59 បង់ចំនួន២ (បង់មួយមានចំនួន៦គ្រាប់ និងបង់មួយទៀតគ្មានគ្រាប់) គ្រាប់មិនទាន់ប្រើចំនួន៧គ្រាប់ និងសំបកគ្រាប់ដែលបាញ់រួចចំនួន៣គ្រាប់ ។
សមត្ថកិច្ចបានបញ្ចាក់ថា ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើបានឆ្លើយសារភាពថាគាត់ពិតជាបានបាញ់ចំនួន៤គ្រាប់ពិតប្រាកដមែនដោយមូលហេតុខឹងនឹងប្រពន្ធរបស់គាត់ត្រលប់មកផ្ទះវិញយឺត។
ប្រភពព័ត៌មានចុងក្រោយបានឲ្យដឹងថា ឧកញ៉ាស៊ឹង ប៊ុណ្ណា ដែលជាអ្នកជំនួញដ៏មានឥទ្ធពលម្នាក់ ត្រូវបានតុលាការខេត្តសៀមរាប សម្រេចបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនបញ្ជូនទៅដាក់ពន្ធនាគារជាបណ្តោះអាសន្ន៕


ទំនាក់ទំនងការផ្សាយ៖ 077 949441 – 096 994 9441 – 071 223 1111

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.