បងប្អូនប្រជាពលរដ្ឋរស់ក្នុងខេត្តពោធិ៍សាត់បាននាំគ្នាចេញទៅរកផ្សិតប៉ក់ក្រោយពេលមេឃធ្លាក់ភ្លៀង
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។
បងប្អូនប្រជាពលរដ្ឋរស់នៅ ក្នុងខេត្តពោធិ៍សាត់ ចាប់ផ្ដើមចេញទៅរកផ្សិតប៉ក់ក្រោយពេលមានភ្លៀងធ្លាក់ ខណៈដែរផ្សិតនេះលក់បានតំលៃសមរម្យសម្រួលដល់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋក្នុងតំបន់នោះ ។
កញ្ញា គង់ សាវតា ជាអ្នកទទួលទិញផ្សិតប៉ក់ឬផ្សិតផូងផាងមកលក់បន្ត ក្នុងភូមិលលកស ឃុំលលកស ស្រុកពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្រៅពីមុខរបរធ្វើស្រែចម្ការហើយ ឲ្យតែដល់រដូវមានភ្លៀងធ្លាក់ ប្រជាពលរដ្ឋ បាននាំគ្នាចេញទៅដើររកដកផ្សិតប៉ក់នៅតាមតំបន់ព្រៃភ្នំ ដោយក្នុងមួយថ្ងៃអាចរកផ្សិតបានចន្លោះពី២០គីឡូទៅ៣០គីឡូក្រាម ដែលទទួលបានតំលៃពី ៤០,០០០រៀល និង៤៥,០០០រៀល ។
កញ្ញាបានបន្តថា ប្រភេទផ្សិតធម្មជាតិដ៏កម្រមួយនេះ រាងមូល មានដុះតែនៅក្នុងដីដែលមានក្រាលដោយស្លឹកឬដើមឈើងាប់ៗ ហើយនៅពេលមានភ្លៀងធ្លាក់គឺចាប់ផ្តើមដុះ ដែលផ្សិតនេះសំបូរទៅដល់វីតាមីន ប្រូតេអ៊ីនសំខាន់ជួយដល់រាងកាយ ជាពិសេសអាចយកទៅធ្វើជាម្ហូបបានជាច្រើនមុខ និងមានរសជាតិឈ្ងុយឆ្ងាញ់ថែមទៀតផង ។
សំឡេង ៖ អាហ្នឹងដុះនៅលើភ្នំ ហើយវាអត់ដុះដូចគេទេ វាអត់ដុះលើដីទេគឺដុះក្នុងដី នៅពេលដែលមានភ្លៀងធ្លាក់អញ្ចឹងទៅបានវាមានដុះនៅលើភ្នំ ហើយដូចថាអ្នកដែលធ្លាប់រក គឺគាត់ចេញទៅរកគឺវាមានលក្ខណៈថាប្រេះដី អីចឹងអ្នកដែលគេចេះរកគឺគេចំណាំបែបនេះ វាមិនដូចផ្សិតដទៃទៀតទេ វាមិនងាយមានទេ ហើយទាល់តែអ្នកដែលស្គាល់ទើបគេដឹងហើយទើបគេហ៊ានកម្មង់ញ៉ាំ ហើយសម្រាប់រាងវាវិញគឺមូលទាល់តែយើងហែកវាមើល ហើយវាមិនមែនមានរាងដូចផ្សិតចំបើងឬផ្សិតអីផ្សេងនោះទេគឺរាងវាមូលដូចបាល់ ហើយនៅក្នុងនោះគឺមានវីតាមីនមានប្រូតេអ៊ីននៅក្នុងនឹងទាំងអស់ ហើយរាងវាគឺមូលដូចបាល់ ។
កញ្ញាបានបញ្ជាក់ថា ផ្សិតប៉ក់នេះជាអាហារពេញនិយមបំផុតរបស់ប្រជាជនថៃ ហើយបានប្រមូលទិញ ជាច្រើនដោយសារតែផ្សិតនេះនៅប្រទេសថៃពិបាករកណាមួយការចូលព្រៃត្រូវបានឃាត់។ ក្រៅពីនេះ នៅមានបន្លែព្រៃជាច្រើនមុខទៀតមានដូចជា ស្លឹកព្រេច ចុងផ្តៅ ដែលប្រជាជនថៃទទួលទិញពីកម្ពុជា៕