ប្រជាពលរដ្ឋជាង៣០គ្រួសារគ្នានប័ណ្ណក្រីក្រ បែជាមានតែអ្នកមានឡាន មានផ្ទះធំៗ ទៅវិញ ?
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០។
ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋជាង៣០គ្រួសារ អះអាងថាពួកគាត់ជាគ្រួសារក្រីក្រនៅក្នុងភូមិចុងកោះសង្កា ត់ផ្សារឆ្នាំង និងនៅក្នុងភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ពួកគាត់បាននិ យាយអោយក្រុមអ្នកយកព័ត៌មានដឹងថា កន្លងមកពួកគាត់រស់នៅក្នុងភូមិចុងកោះ និងភូមិទី៤ ក្រុងកំពង់ឆ្នាំង ដែលជាជនក្រីក្រពិតប្រាកដ មានចំនួនជាង៣០គ្រួសារ ខ្លះរស់នៅក្នុងកូនខ្ទម ប្រក់ស្លឹក ខ្លះប្រក់តង់កៅស៊ូ ខ្លះរស់នៅក្នុងដំបូលទូកតាមមាត់ទន្លេ គ្មានផ្ទះសម្បែងទេ ក្នុងឆ្នាំកន្លងមក និងមកដល់បច្ចុប្បន្ន មិនដែលបានទទួលប័ណ្ណក្រីក្រនោះឡើយ។ ជាក់ស្តែងក្នុងពេលថ្មីៗនេះ ពួកគាត់បានទៅសុំធ្វើប័ណ្ណក្រីក្រជាមួយលោកមេភូមិចុងកោះ តែលោកមេភូមិ និយាយថាចាំវគ្គក្រោយទៅ ពេលនេះអស់ហើយ។
ដោយឡែកលោកអ៊ុំម្នាក់ជាសង្គ្រាជវិហារអ៊ីស្លាម ភូមិចុងកោះ ឈ្មោះ ម៉ាត់ មាណ អាយុ៧៦ឆ្នាំបាននិយាយប្រាប់ថា ពីមុនមកគាត់រស់នៅលើទូកបណ្ដែតទឹក ក្រោយពីគេអោយបន្លាស់ទីឡើងមករស់នៅលើគោក គាត់មានតែកូនខ្ទមតូច១នៅទីនេះ ហើយក្នុងពេលថ្មីៗនេះ គាត់បានទៅសុំលោកមេភូមិចុងកោះធ្វើប័ណ្ណក្រីក្រ មេភូមិប្រាប់ថា ចាំវគ្គក្រោយទៅ។ លោកអ៊ុំបានបញ្ជាក់ទៀតថា នៅក្នុងភូមិចុងកោះមានខ្មែរអ៊ីស្លាមក្រីក្រពិតប្រាកដប្រមាណជាង២០គ្រួសារ ដែលមិនបានធ្វើប័ណ្ណក្រីក្រ ហេតុនេះគាត់សំណូមពរដល់អាជ្ញាធរភូមិសង្កាត់ មេត្តាជួយធ្វើប័ណ្ណក្រីក្រឲ្យអ្នកក្រីក្រពិប្រាកដផង។
ចំណែកបុរសម្នាក់ទៀតដែលមានប្រពន្ធនិងកូន៧នាក់ក្នុងបន្ទុក រស់នៅក្នុងកូនខ្ទម ប្រក់ស្លឹកនិងកៅស៊ូតូចមួយបាននិយាយថា ពួកគាត់ក៏ជាជនក្រីក្រដែលពុំទាន់បានទទួលប័ណ្ណក្រីក្រនៅឡើយទេ ពេលទៅសុំលោកមេភូមិឱ្យជួយធ្វើប័ណ្ណក្រីក្រ គឺលោកមេភូមិមិនធ្វើឱ្យឡើយ ដោយប្រាប់ថា ចាំវគ្គក្រោយទៅ។ ដោយឡែកពួកគាត់បានលើកឡើងថា ប្រជាពលរដ្ឋក្រីក្រពិតប្រាកដ លោកមេភូមិមិនធ្វើបណ្ណ័ក្រីក្រអោយទេ តែកូនចៅបក្សពួកលោកមេភូមិ៣គ្រួសារ មានឡានជិះ មានផ្ទះធំៗ បែរជាមានបណ្ណ័ក្រីក្រទៅវិញ ។
ទាក់ទងនឹងការលើកឡើងខាងលើនេះ ក្រោយពីប្រជាពលរដ្ឋ បានប្រតិកម្មកាលពីល្ងាចថ្ងៃទី៣០ ខែមិថុនា និងក្រោយពីក្រុមអ្នកកាសែតបានអន្តរាគមន៍ទៅលោកអភិបាលក្រុង និងលោកអភិបាលខេត្តរួចមក នៅយប់ថ្ងៃទី៣០ ខែមថុនា និងនៅព្រឹកថ្ងៃទី០១ ខែកក្កដា លោក ទូច សារ៉េត ហៅទុយមេភូមិចុងកោះបានដើរប្រាប់ប្រជាពលរដ្ឋក្រីក្រ អោយទៅដាក់ពាក្យស្នើសុំប័ណ្ណក្រីក្រនៅផ្ទះលោក ដើម្បីសុំប័ណ្ណក្រីក្រទៅតាមប្រភេទជាក់ស្តែង ។
ដោយឡែកលោកស្រី កង ឡងឌី សមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារឆ្នាំង ជាអ្នកទទួលធ្វើការងារធ្វើបណ្ណ័ក្រីក្រក្នុងសង្កាត់ផ្សារឆ្នាំង បាននិយាយតាមទូរស័ព្ទនៅព្រឹកថ្ងៃទី០១ ខែកក្កដា នេះថា នៅក្នុងភូមិចុងកោះពេលនេះប្រជាពលរដ្ឋមានប័ណ្ណក្រីក្រចំនួន៧៩ គ្រួសារ ក្នុងនោះ៧៥គ្រួសារ ជាអ្នកមានប័ណ្ណក្រីក្រពីឆ្នាំចាស់ ចំណែក៤គ្រួសារទៀតបានផ្ដល់ប័ណ្ណក្រីក្រថ្មីនៅក្នុងឆ្នាំ២០២០ នេះ។
ចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋថា ប្រជាពលរដ្ឋជាអ្នកមាន ចំនួន៣គ្រួសារ មានផ្ទះក្បឿងធំ មានឡានមានម៉ូតូជិះ បានប័ណ្ណក្រីក្រនោះ លោកស្រីបានបញ្ជាក់ថា ការពិតគ្រួសារ១មានផ្ទះក្បឿងធំនោះ គឺជាផ្ទះរបស់ឪពុកគាត់ ចំណែករថយន្តមួយគ្រឿងនោះ គឺជារថយន្តដែលប្អូនគាត់ទិញឲ្យជិះសំរាប់ដឹកអីវ៉ាន់លក់ដូរ មិនមែនជារថយន្តគាត់មានលុយទិញនោះទេ។ ចំណែកប្រជាពលរដ្ឋ១គ្រួសារទៀត មានផ្ទះធំៗគឺជាស្ត្រីមេម៉ាយដែលប្ដីទើបនឹងស្លាប់ មានផ្ទះធំមែនតែក្រអត់អីហូបទេ និងគ្រួសារក្រីក្រ១ទៀត គឺជាគ្រួសារមនុស្សចាស់ឈឺក្រីក្រពិតមែន គឺគ្រួសារទាំង៣ខាងលើនេះ ជាសាច់ញាតិលោកអីត អនុភូមិដែលគាត់បានធ្វើប័ណ្ណក្រីក្រអោយ តែពេលនេះលោកអនុភូមិនោះបានស្លាប់ទៅហើយ។ ដូច្នេះចំពោះគ្រួសារទាំង៣ខាងលើនេះ ក្រុមប្រឹក្សាសង្កាត់ និងធ្វើការពិនិត្យសិក្សាឡើងវិញ ថាតើត្រូវដកឬត្រូវទុកប័ណ្ណក្រីក្រនោះអោយពួកគាត់។
លោកស្រី កង ឡងឌី ក៏បានបញ្ជាក់ផងដែរថា ក្រោយពីមានប្រតិកម្មតវ៉ាពីប្រជាពលរដ្ឋទៅដល់ថ្នាក់លើ កាលពីល្ងាចថ្ងៃទី៣០ ខែមិថុនា លោកស្រីនិង លោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្តអ្នកធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋក្រីក្រ ក៏បានចុះមកធ្វើការស្រាវជ្រាវដោយផ្ទាល់នៅក្នុងភូមិចុងកោះ និងបានពិនិត្យឃើញថា មានប្រជាពលរដ្ឋប្រមាណ២០គ្រួសារ ពិតជាមានភាពក្រីក្រដែលនឹងតម្រូវឲ្យគាត់ស្នើសុំចុះឈ្មោះជាមួយលោកមេភូមិចុងកោះ ដើម្បីទទួលយកប័ណ្ណក្រីក្រទៅតាមប្រភេទដែលបានកំណត់ជាក់ស្តែង ។
លោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ បានបញ្ជាក់ទៀតថា កន្លងមកពេលក្រុមការងារសង្កាត់ចុះពិនិត្យប្រជាពលរដ្ឋក្រីក្រក្នុងភូមិ ពួកគាត់ខាងលើនេះ បានធ្វើចំណាកស្រុកទៅរកស៊ីឆ្ងាយៗ មិននៅក្នុងមូលដ្ឋានទេ ទើបក្រុមការងារមិនអាចហៅមកសម្ភាសធ្វើប័ណ្ណក្រីជូនពួកគាត់បាន ៕
ប្រភព kampucheathmey.com