January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងឯកឧត្តម Victor Oh សមាជិកព្រឹទ្ធសភាកាណាដា។

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី២ ខែមីនា​ ឆ្នាំ២០២៣។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងឯកឧត្តម Victor Oh សមាជិកព្រឹទ្ធសភាកាណាដា។

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម Victor Oh សមាជិកព្រឹទ្ធសភាកាណាដា ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមការអញ្ជើញរបស់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុង Toronto ប្រទេសកាណាដា។

ក្នុងជំនួបនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចរបស់ ឯកឧត្តម Victor Oh និងបានរំឭកអំពីទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-និងកាណាដា ជាពិសេសការចូលរួមរបស់កាណាដានៅក្នុងដំណើរការសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដូចជាតាមរយៈការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ជាដើម។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ក៏បានលើកឡើងផងដែរអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន រួមមាន៖ វិស័យយោធា, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, ទេសចរណ៍ និងការងារ សំដៅធ្វើយ៉ាងណាផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងប្រទេស និងប្រជាជនទាំងពីរ ជាពិសេសតាមរយៈការជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចដើម្បីស្វែងយល់អំពីស្ថានភាពពិតនៃវឌ្ឍនភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ដូចទស្សនកិច្ចរបស់សមាជិកព្រឹទ្ធសភាកាណាដា នាឱកាសនេះ។

ជាការឆ្លើយតប ឯកឧត្តម Victor Oh បានអរគុណចំពោះទស្សនវិស័យរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អំពីសក្តានុពលនៃទំនាក់ទំនងទ្វេភាគីកាណាដា-កម្ពុជា និងបានគូសបញ្ជាក់អំពីចំណងមិត្តភាពរឹងមាំរវាងរដ្ឋាភិបាល, ប្រជាជន និងប្រទេសទាំងពីរ ដោយក្នុងនេះ កាណាដាក៏ជាប្រទេសដ៏ធំមួយដែលនាំចូលទំនិញពីកម្ពុជា។ ឯកឧត្តម ក៏បានឯកភាពជាមួយនឹង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងការផ្តោតកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត លើការជំរុញឱ្យកាន់តែសកម្មនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះបម្រើឱ្យការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ។

ក្រៅពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈអំពីបញ្ហាអន្តរជាតិមួយចំនួន ជាពិសេសអំពីសារៈសំខាន់នៃគោលការណ៍អធិបតេយ្យរដ្ឋ, ការគោរពគ្នាទៅវិញទៅមក និងភាពចាំបាច់នៃការស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីដោះស្រាយវិបត្តិដែលកំពុងកើតមាននៅក្នុងតំបន់ និងសកលលោក។

ប្រភព៖information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.