January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សម្តេចតេជោ ហ៊ុន សែន សម្រេចផ្ដល់ប្រាក់ឧបត្ថម្ភ ដូចកាលពីសម័យកូវីដ ដល់រោងចក្រដែលត្រូវព្យួរការងារ ដោយមូលហេតុជុំវិញការបញ្ជាទិញពីខាងក្រៅ

ចេញផ្សាយថ្ងៃពុធ ២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី៨ ខែមីនា​ ឆ្នាំ២០២៣។

រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្ដល់ប្រាក់ឧបត្ថម្ភ ដូចកាលពីសម័យកូវីដ ដល់រោងចក្រដែលត្រូវព្យួរការងារ ដោយមូលហេតុជុំវិញការបញ្ជាទិញពីខាងក្រៅ

រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជូនសារទៅកាន់ស្ត្រីដែលជាកម្មការិនីចំនួន ២៦ ០០០ នាក់ ក្នុងចំណោមកម្មករ ៣២ ០០០ នាក់ ដែលរោងចក្រចំនួន៧១ បានព្យួរការងារថា រាជរដ្ឋាភិបាលបានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភ ដូចកាលពីសម័យកូវីដ ដល់រោងចក្រដែលត្រូវព្យួរការងារ ដោយមូលហេតុជុំវិញការបញ្ជាទិញពីខាងក្រៅនោះ។
ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣ ក្រោម មូលបទ «ស្ត្រីរួមគ្នាធ្វើ រក្សាសុខសន្តិភាព ដើម្បីអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល» នាព្រឹកថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ « ខ្ញុំសូមបញ្ជូនសារទៅកាន់ស្ត្រីចំនួន ២៦ ០០០ នាក់ ក្នុងចំណោមកម្មករ កម្មការិនី ដែលកំពុងបាត់បង់ការងារធ្វើចំនួន ៣២ ០០០ នាក់ ថា ម្សិលមិញនេះ ខ្ញុំបានចុះហត្ថលេខាពាក់ព័ន្ធទៅលើការផ្ដល់ប្រាក់ឧបត្ថម្ភ នៅក្នុងស្ថានភាពដែលរោងចក្រត្រូវបានព្យួរការងារ»។ ដូច្នេះសម្ដេចតេជោបានសម្រេចរួចហើយ ដែលកម្មការិនី នឹងទទួលបានប្រាក់ឧបត្ថម្ភ ដូចកាលពីសម័យកូវីដ ដែលរោងចក្រត្រូវព្យួរការងារ។ សម្ដេចតេជោ បានថ្លែងឱ្យដឹងដែរថា ក្នុងពេលដែលយើងបាត់បង់ការងារចំនួន៧១រោងចក្រ ដែលមានកម្មករចំនួន ៣២ ០០០ នាក់ ក្នុងនោះស្ត្រីចំនួន ២៦ ០០០ នាក់ បែរជានៅខេត្តកំពង់ស្ពឺខ្វះកម្មករប្រមាណជា៣ម៉ឺននាក់ទៅវិញ។ ដូច្នេះចំណុចនេះ ស្នើឱ្យក្រសួងការងារយកចិត្តទុកដាក់ ដើម្បីជ្រើសរើសកម្មករ ដើម្បីឱ្យស្ត្រីអាចទទួលបាននូវផលប្រយោជន៍។ ជាមួយគ្នានេះ ដែរ សម្ដេចតេជោក៏បានណែនាំឱ្យបង្កើននូវប្រាក់សម្រាប់ស្ត្រីដែលមានផ្ទៃពោះ ឆ្លងទន្លេ រហូតដល់កូនមានអាយុ២ឆ្នាំផងដែរ
ក្នុងពិធីនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យគ្រប់ក្រសួង ស្ថាប័ន ដៃគូពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន ព្រមទាំងប្រជាជនគ្រប់រូប ចូលរួមគាំទ្រនិងអនុវត្តន៍ការងារបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី លើកិច្ចការអាទិភាព ដែលក្នុងនោះ គ្រប់ក្រសួង ស្ថាប័ន បន្តយកចិត្តទុកដាក់ និងជំរុញបញ្ជ្រាបយេនឌ័រ នៅក្នុងក្របខណ្ឌគោលនយោបាយកម្មវិធីជាតិ រួមទាំងកម្មវិធីកែទម្រង់នានា ក្របខណ្ឌជាតិគាំពារសង្គម កម្មវិធីប្រែប្រួលអាកាសធាតុ និងការអភវឌ្ឍបៃតង។ ទន្ទឹមនេះ បន្តលើកកម្ពស់ការចូលរួម និងពង្រឹងភាពជាអ្នកដឹកនាំរបស់ស្ត្រី ក្នុងវិស័យសាធារណៈ នយោបាយ និងវិស័យឯកជន។ ក្រសួង ស្ថាប័ន វិស័យឯកជន និងដៃគូពាក់ព័ន្ធ បង្កើនការវិនិយោគ ក្នុងការពង្រឹងសក្ដានុពលរបស់ស្ត្រី ក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង តាមរយៈការអភិវឌ្ឍសហគ្រិនភាពរបស់ស្ត្រី ការលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ស្ត្រី ការគាំទ្រដល់សេដ្ឋកិច្ចដែលគិតគូពីសុខុមាលភាព និងការលើកម្ពស់កម្មវិធីតុល្យភាពជីវិត ការងារនិងគ្រួសារ។
ជាមួយគ្នានេះដែរ បង្កើនការចូលរួមរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថល វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ ច្នៃប្រឌិត និងគណិតវិទ្យា ដើម្បីលុបបំបាត់គម្លាតយេនឌ័រ ក្នុងវិស័យឌីជីថល និងការពង្រីកកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដល់យុវជន និងស្ត្រី សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានជំរុញឱ្យបន្តដាក់ចេញនូវវិធានការ និងមធ្យោបាយសមស្របនានា ដើម្បីលើកកម្ពស់ការសិក្សារបស់សិស្សជានារី នៅកម្រិតឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា។ បន្តទប់ស្កាត់រាល់ទម្រង់អំពើហិង្សាលើស្ត្រី និងក្មេងស្រី តាមរយៈការអនុវត្តផែនការសកម្មភាពជាតិ ទប់ស្កាត់អំពើហិង្សាលើស្ត្រី ពង្រីកវិសាលភាព និងគុណភាពនៃសេវាឆ្លើយតបជាពហុវិស័យ ជួយជនរងគ្រោះ ការផ្ដល់សេវាផ្នែកច្បាប់ដោយឥតគិតថ្លៃ និងពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ។ បន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ តាមរយៈការពង្រីកវិសាលភាព កម្មវិធីមាតា បិតាភាព និងការអប់រំកូនតាមបែបវិជ្ជមាន និងពង្រីកវប្បធម៌អហិង្សា ព្រមទាំងកសាងគ្រួសារប្រកបដោយសុខដុមរម្យនា។ បន្តអនុវត្តន៍វិធានការគាំពារសង្គម ប្រកបដោបរិយាប័ន្ន តាមរយៈការពង្រីវិសាលភាពអនុវត្តក្របខណ្ឌគាំពារសង្គម ឱ្យដល់ក្រុមជនងាយរងគ្រោះ និងបាត់បង់ឱកាសផ្សេងៗក្នុងសង្គម ទាំងវិស័យសេដ្ឋកិច្ច ក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ និងគាំទ្រសុខុមាលភាពរបស់មាតា និងទារក ដើម្បីធានាបានការសម្រេចនូវការគ្របដណ្ដប់សុខភាពជាសកល សំដៅធានាឱ្យពលរដ្ឋគ្រប់រូបទទួលបានដោយសមធម៌៕

 

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.