នារីខ្មែរចាញ់បោកមេខ្យល់នាំទៅចិនបានវិលត្រឡប់មកដល់កម្ពុជាវិញ
ភ្នំពេញ៖ នារីខ្មែរដែលចាញ់បោកមេខ្យល់នាំទៅចិន ឥឡូវបានវិលត្រឡប់មកដល់កម្ពុជាវិញហើយបន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចកម្ពុជា-ចិន និងស្ថាប័នពាក់ព័ន្ធបានសម្របសម្រួលជួយដល់រូបនាង។
នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានអនុញ្ញាតឲ្យនារីរងគ្រោះរូបនោះចូលជួបសម្តែងការអរគុណចំពោះថ្នាក់ដឹកនាំ សមត្ថកិច្ច ក៏ដូចជាស្ថាប័នពាក់ព័ន្ធដែលបានជួយសង្រ្គោះដល់រូបនាងផងដែរ។
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
«ក្នុងនាមជាខ្មែរដូចគ្នា ខ្ញុំពិតជាមានសេចក្ដីសប្បាយរីករាយជាទីបំផុត ដែល ទី១. នៅពេលទទួលដំណឹងថា សមត្ថកិច្ចចិន បានជួយអន្តរាគមន៍ប្អូន ទៅកាន់ការិយាល័យនគរបាលចិន និង ទី២. កាន់តែសប្បាយចិត្តថែមទៀត នៅពេលដែលលឺព័ត៌មានថា ប្អូន បានមកដល់ប្រទេសកម្ពុជាយើង ដោយសុវត្ថិភាព ហើយរហូតដល់ចង់ជួប ដើម្បីសួរសុខទុក្ខ និងលើកទឹកចិត្តប្អូន។»
ក្នុងឱកាសនេះ តាមរយៈក្រុមការងារ ក៏បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្អូនស្រី និងបានឧបត្ថម្ភថវិកា ចំនួន ២លានរៀល ដើម្បីជាការលើកទឹកចិត្ត និងជំរុញការខិតខំប្រឹងប្រែងរបស់ប្អូនស្រី បន្តអនាគតវែងឆ្ងាយទៅមុខទៀត។
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណចំពោះឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា និងលោកស្រីឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន ដែលបានខិតខំខ្នះខ្នែងជួយលើកិច្ចការងារនេះ ដោយបានសហការជាមួយសមត្ថកិច្ចចិន ហើយក៏អរគុណដល់សមត្ថកិច្ចចិន ដែលបានអន្តរាគមន៍យ៉ាងរហ័ស និងមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ ក៏អរគុណដល់សមត្ថកិច្ចកម្ពុជា ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងអង្គការ រតនៈ អន្តរជាតិ(international) ដែលបានសម្របសម្រួលកិច្ចការងារប្រចាំថ្ងៃ មុននឹងសមាហរណកម្មប្អូនស្រី ទៅកាន់មូលដ្ឋានវិញ។