ខេត្តសៀមរាប៖ មានទីតាំងពិឃាត និងលក់សាច់សុនខចំនួន១២ទីតាំង បានសម្រេចបិទដោយខ្លួនឯងក្នុងចំណោមទីតាំងសរុបទាំង២៥ កន្លែង
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។
សៀមរាប ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។
លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរ កសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះថា នៅក្នុងខេត្តសៀមរាប មានទីតាំងពិឃាត និងលក់សាច់សុនខ ចំនួន២៥កន្លែង ប៉ុន្តែបន្ទាប់ពី មានសេចក្តីជូនដំណឹងរបស់មន្ទីរកសិកម្មខេត្តសៀមរាប ឱ្យបញ្ឈប់ពិឃាត ទិញ និងលក់ សាច់សុនខ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០កន្លងមក ឃើញថាបច្ចុប្បន្ននេះ ទីតាំងពិឃាត និងលក់សាច់សុនខចំនួន១២ទីតាំង ហើយបានសម្រេច បិទដោយខ្លួនឯង បន្ទាប់ពីមានការពន្យល់ណែនាំពីមន្ត្រីជំនាញ នៅសល់ប្រមាណ១៣ កន្លែងទៀតសន្យាថា និងឈប់បន្តអាជីវកម្មលក់ ពិឃាតសត្វសុនខនេះជាបន្តបន្ទាប់ ដោយចាប់ប្រកប មុខរបរផ្សេងៗទៀតដែលច្បាប់អនុញ្ញាត។
លោក ចាន់ ផ្លក់ និងភរិយា រស់នៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបានប្រកបរបរលក់សាច់សុនខនេះ អស់ប្រមាណជា ១០ឆ្នាំមក ហើយនោះ បានឯកភាពថានឹងឈប់ប្រកបអាជីវកម្មនេះ ទៅតាមការណែនាំដោយសុខចិត្ត ប្តូរមុខរបរទៅចិញ្ចឹមសត្វ និងសុំច្បាប់អនុញ្ញាតលក់សាច់គោ សាច់ជ្រូកវិញម្តង។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត មានប្រសាសន៍ថា កន្លងមក ការលួច ការជួញដូរ ការដឹកជញ្ជូន សម្លាប់ និងលក់សត្វសុនខ ដើម្បីយកសាច់ ទៅធ្វើជាម្ហូបអាហារមានការកើនឡើងគួរឱ្យបារម្ភ។
លោកថា ការហាមឃាត់នេះមិនមែនជាការរឹតបន្តឹងដាច់ណាត់នោះទេ គឺជាការហាម ដើម្បីរួមគ្នាកាត់បន្ថយជាបណ្តើរៗនៃការពិឃាត និងបរិភោគសាច់នេះឱ្យ មកនៅកម្រិត អប្បបរិមា និងឈានទៅលែងមានទាំងស្រុង នាពេលអនាគត និងក៏ជាការជួយ លើកកម្ពស់ សុខុមាលភាពសត្វផង និងសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋទូទៅផង ចៀសវាងការ ឆ្លងរាលដាលជំងឺផ្សេងៗផងដែរ។
លោក ទា គឹមសុទ្ធ រំពឹងថា ខេត្តមួយនេះ នឹងក្លាយជាខេត្តគំរូមួយសម្រាប់ខេត្ត ផ្សេងៗទៀត ក្នុងការហាមឃាត់ការជួញដូរសាច់សុនខនេះជាក់ជាមិនខាន៕
ប្រភព៖ www.information.gov.kh