កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្រុមសង្គមងងឹតចិនជិត៣០នាក់ និងរំដោះជនរងគ្រោះចំនួនបីនាក់(សំណុំរឿងចាប់ជំរិត)
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។
ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបក្រុមសង្គមងងឹតចិនជិត ៣០នាក់ ដែលបានចាប់ជំរិតទារប្រាក់ពីជនជាតិចិនគ្នាឯង នៅក្នុងសណ្ឋាគារ Meilian Garden Hotel ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង១២ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។
ប្រភពបញ្ជាក់ថាមានការបង្ក្រាបជនជាតិចិនជាច្រើននាក់ដែល ធ្វើឡើងដោយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដោយមានការណែនាំចង្អុលបង្ហាញ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយមេបញ្ជាការរងពីររូប គឺលោកឧត្តមសេនីយ៍ត្រី ពូ ដាវី និងលោកឧត្តមសេនីយ៍ត្រី ផាន់ តារាវុធ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញដឹកនាំដោយលោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ ព្រមទាំងមានការចូលរួមពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង ឆាយ ហុង បានចុះបង្ក្រាប ជនជាតិចិនមួយក្រុម ដោយឃាត់ខ្លួនជនជាតិចិនចំនួន២៩នាក់ (ស្រី៣នាក់)។
ប្រភពបន្តថាប្រតិបត្តិការមួយនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មាន ថាក្រុមជនសង្ស័យទាំងនេះ ជាប់ពាក់ព័ន្ធករណី ចាប់ជំរិតយកប្រាក់លើជនជាតិចិនដូចគ្នា។សមត្ថកិច្ចរំដោះបានជនរងគ្រោះចំនួនបីនាក់ បច្ចុប្បន្ន សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ កំពុងសួរនាំជនសង្ស័យកសាងសំណុំរឿងតាមនិតិវិធី។សមត្ថកិច្ចមិនទាន់បង្ហាញអត្តសញ្ញាណជនរងគ្រោះនិងជនជាប់សង្ស័យនៅឡើយទេ៕
ប្រភព៖ www.rasmeinews.com