បាត់ដំបង៖ ម្ដេច ស ខេង អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោដាក់ឱ្យប្រើប្រាស់ស្ពានដែកបេឡេទី១ អគារសិក្សាពីរខ្នង ស្ថិតក្នុងស្រុកបាណន់
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០។
បាត់ដំបង ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ណែនាំថ្នាក់ដឹកនាំនៅតាមមូលដ្ឋាន មិនត្រូវមើលរំលង និងមើលស្រាលចំពោះបញ្ហាកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ បើមានអ្វីកើតឡើងត្រូវចាប់អារម្មណ៍ និងដោះស្រាយបញ្ហាពីតូច ដើម្បីកុំឱ្យវារីកទៅជាធំបាន។
ថ្លែងក្នុងពិធីសម្ពោដាក់ឱ្យប្រើប្រាស់ស្ពានដែកបេឡេទី១ អគារសិក្សាពីរខ្នង នៅក្នុងបរិវេណសាលាបឋមសិក្សា ស្វាយព្រៃ និងអនុវិទ្យាល័យកន្ទឺ១ ស្ថិតក្នុងស្រុកបាណន់ ខេត្ដបាត់ដំបង នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា អាជ្ញាធរមូលដ្ឋានត្រូវផ្ដល់យុត្តិធម៌ ដោយមិនត្រូវអាងលើអំណាច ហើយក៏មិនត្រូវអាងលើសាច់ញាតិ ឬមនោសញ្ចេតនានោះទេ ត្រូវតែប្រកាន់ភ្ជាប់នូវភាពយុត្តិធម៌ ដែលកត្ដាទាំងនេះជាបញ្ហាគន្លឹះក្នុងការកសាងសង្គមឱ្យមានស្ថិរភាព។ សម្ដេចក្រឡាហោមបានបញ្ជាក់ថា “ឥឡូវយើងមានយន្តការដោះស្រាយទំនាស់ច្រើន ប៉ុន្តែខ្ញុំសុំសង្កត់ធ្ងន់ថា នៅមូលដ្ឋានរបស់យើង កន្លងទៅវាមានយន្តការ ដែលហៅថា យន្តការដោះស្រាយទំនាស់ ក្រៅប្រព័ន្ធតុលាការ យើងកំពុងពង្រឹង។ សព្វថ្ងៃនេះការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដែលនេះជាការល្អណាស់ ហើយកន្លងមកយើងមានវេទិកាសាធារណៈ គឺជាយន្តការមួយ ដើម្បីដោះស្រាយបញ្ហា”។
សម្ដេចក្រឡាហោមបានបន្ដថា រាជរដ្ឋាភិបាលបានខិតខំពង្រឹង និងដោះស្រាយទំនាស់ផ្សេងៗ ប្រកបដោយយុត្តិធម៌ ក៏ដូចជាតាមរយៈការខិតខំកសាងសង្គមមួយ ដែលមានយុត្តិធម៌ តាំងពីលើដល់ក្រោម។ សម្ដេចក្រឡាហោមបានបន្ដទៀតថា នេះគឺជាភារកិច្ច ដ៏សំខាន់របស់យើង ហើយបន្ដខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ធ្វើសកម្មភាពអ្វីដែលមានផលប្រយោជន៍ដល់ប្រជាពលរដ្ឋមិនត្រូវរំលោភបំពានទៅលើសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ សម្ដេចក្រឡាហោមបានថ្លែងបញ្ជាក់ថា “រដ្ឋាភិបាលមួយខ្លាំង គឺរដ្ឋាភិបាលនោះ អាស្រ័យដោយប្រជាពលរដ្ឋគាំទ្រ បើរដ្ឋាភិបាលគ្មានប្រជាពលរដ្ឋគាំទ្រ រដ្ឋាភិបាលនោះមិនខ្លាំងទេ”។
សម្ដេចក្រឡាហោមបានលើកឡើងថា ក្នុងបរិបទដែលកម្ពុជាប្រកាន់យកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គឺការដណ្ដើមសមាណចិត្តរបស់ប្រជាពលរដ្ឋ ដើម្បីគាំទ្រកម្មវិធីនយោបាយរបស់រដ្ឋាភិបាល។ ជាមួយគ្នានេះ ការខិតខំការកសាងអំពើល្អ ជាមួយប្រជាពលរដ្ឋដោយជួយដោះស្រាយបញ្ហាសុខទុក្ខ របស់ប្រជាពលរដ្ឋ គឺជាកិច្ចការចម្បង ឬក៏អាចនិយាយបានថា ការកសាងប្រព័ន្ធយុត្តិធម៌ តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម គឺជាគ្រឹះដ៏ប្រសើរ ដើម្បីធ្វើឱ្យប្រទេសជាតិមានស្ថិរភាព។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមថា “យើងខិតខំប្រមូលបញ្ហា ឱ្យបានអស់ ហើយដោះស្រាយ ឱ្យបានអស់ ឬឱ្យបានច្រើន ក្នុងដែនសមត្ថកិច្ចរបស់យើង បើដឹងហើយមិនត្រូវទុកចោលឡើយ ហើយការដោះស្រាយគឺត្រូវប្រកាន់ភាពយុត្តិធម៌ នោះវានឹងសុខសប្បាយហើយ”៕
ប្រភព៖ www.information.gov.kh