រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ២៥ ខែវិច្ឆិការ ឆ្នាំ២០២០។
ភ្នំពេញ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២២០២០ ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១១៤រូប។ របៀបវារៈ សម័យប្រជុំរដ្ឋសភានាឱកាសនេះ មានចំនួន៧ គឺ៖ ១- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។ ២- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។ ៣- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីមូលបត្ររដ្ឋ។ ៤- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ ៥- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង អាស៊ានស្តីពីការទទួលស្គាល់ទៅវិញទៅមកលើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក។ ៦- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖ – ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ – ពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណលរវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។ ៧- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម។ ចំពោះលទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នាថ្ងៃនេះ នឹងមានផ្សាយជូន នៅពេលបញ្ចប់នៃកិច្ចប្រជុំ។