ខេត្តប៉ៃលិន៖អាជ្ញាធរគ្រោងកែលម្អរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដើម្បីទាក់ទាញភ្ញៀវទេសចរ
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២១
ប៉ៃលិន៖ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ ព្រមទាំងមន្ត្រី ជំនាញពាក់ព័ន្ធ បានអញ្ជើញពិនិត្យមើលរមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ស្ថិតក្នុងភូមិភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត។
ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន មានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន បានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។
ឯកឧត្តម បានបញ្ជាក់ថា បច្ចុប្បន្ន រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត បានកំពុងខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធនានា និងសួនច្បារសាធារណៈ ឱ្យបានកាន់តែល្អប្រសើរ ឆ្លើយតបទៅនឹង តម្រូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន និងសុខុមាលភាពសាធារណៈ ជាពិសេសការកែលម្អ អភិវឌ្ឍន៍តំបន់ រមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្ត ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តប៉ៃលិនឱ្យបានកាន់តែច្រើន ដែលជាកត្តាចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ី ឈាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ គឺត្រូវរួមគ្នា សម្អាតនៅមុខផ្ទះ និងម្ចាស់ទីតាំងអាជីវកម្មរបស់ខ្លួន ឱ្យបានជាប្រចាំ ជាពិសេស អាជីវករលក់ដូរនៅតាមទីសាធារណៈ និងតាមសួនច្បារ ត្រូវវេចខ្ចប់កាកសំណល់សំរាមឱ្យបានល្អ និងនាំយកទៅទុកដាក់ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត គឺមិនត្រូវបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមទីសាធារណៈនោះទេ ទើបយើងអាចសម្អាតអនាម័យបរិស្ថាន និងមានសោភ័ណភាពបានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តប៉ៃលិនឱ្យបានកាន់តែ ច្រើនឡើង។
សូមបញ្ជាក់ថា រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ជារមណីយដ្ឋានធម្មជាតិល្បីជាងគេ នៅក្នុងខេត្តប៉ៃលិន ដែលមានទឹកធ្លាក់រហូតដល់ ៧ជាន់ ហើយមានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ ប្រមាណជាង ៧ គីឡូម៉ែត្រ ស្ថិតនៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន៕
www.information.gov.kh