មានសង្ឃឹមវិញហើយ! ក្រុមហ៊ុនពីរ Adidas និងក្រុមហ៊ុន H&M ព្រមបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជាវិញក្រោយវិបត្តិកូវីដ-១៩
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។
ភ្នំពេញ ៖ ក្រុមហ៊ុន Adidas និងក្រុមហ៊ុន H&M បានយល់ព្រមបញ្ជាទិញផលិតផលសម្លៀកបំពាក់ពីប្រទេសកម្ពុជាវិញក្រោយពីវិបត្តិកូវីដ១៩ ។ ការយល់ព្រមបញ្ជាទិញពីក្រុមធំៗទាំងពីរនេះជាសញ្ញាវិជ្ជមានមួយ សម្រាប់វិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា ខណៈសហជីពបានសាទរផងដែរចំពោះដំណឹងល្អនេះ ។
ការព្រមទទួលបញ្ជាទិញផលិតផលឧស្សាហកម្មកាត់ដេរពីកម្ពុជារបស់ក្រុមហ៊ុនធំៗទាំងពីរបានធ្វើឡើងនៅជំនួបរវាងតំណាងក្រុមហ៊ុន Adidas និងក្រុមហ៊ុន H&M ជាមួយលោក ប៉ាន សូរស័ក្ដិ កាលពីថ្ងៃទី១៦ មិថុនា នៅក្រុងភ្នំពេញ ។
តំណាងក្រុមហ៊ុនទាំងពីរមានលោក ម៉ាតធ្យូ អាំស្ត្រង (Matthew Armstrong) នាយកផ្នែកបញ្ជាទិញនៃការិយាល័យតំណាងក្រុមហ៊ុន Adidas និងលោក គ្រីស្តឺ ហ៊ន អាហ្វ អាមីន (Christer Horn af Aminne) នាយកផ្នែកផលិតកម្មទទួលបន្ទុកប្រទេសកម្ពុជា និងវៀតណាម នៃក្រុមហ៊ុន H&M បានឆ្លើយតបចំពោះសំណើរបស់លោកប៉ាន សូរស័ក្ដិ ដែលបានស្នើសុំឲ្យក្រុមហ៊ុនទាំងពីរបន្តបញ្ជាទិញផលិតផលសម្លៀកបំពាក់ពីកម្ពុជា ។
លោករដ្ឋមន្ត្រីថែមទាំងបាន ជម្រាបទៅតំណាងក្រុមហ៊ុនទាំងពីរអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកពិពិធកម្មទីផ្សារ តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយប្រទេសនានា ។ លោកបានបញ្ជាក់ថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្មកំពុងតែធ្វើការចរចា និងសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងជាមួយប្រទេសមួយចំនួន ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានសាទរចំពោះការព្រមបញ្ជាទិញរបស់ក្រុមហ៊ុនទាំងពីរនេះ ។ លោកថា ក្រុមហ៊ុន Adidas និងក្រុមហ៊ុន H&M ជាក្រុមធំដែលធ្លាប់បានទិញផលិតផលសម្លៀកបំពាក់ពីកម្ពុជាប្រមាណជិត១០០រោងចក្រ ។
បើតាមលោក អាត់ ធន់ ក្រុមហ៊ុនទាំងពីរជាក្រុមហ៊ុនគិតគូរពីសិទ្ធិមនុស្ស និងលក្ខខណ្ឌការងាររបស់កម្មករផងដែរ ។
សូមជម្រាបថាក្រុមហ៊ុនបញ្ជាទិញសឹងទាំងអស់ មិនបានធ្វើការបញ្ជាទិញផលិតផលសម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជាទេ ក្រោយមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ ។ ការនាំផលិតផលឧស្សាហកម្មកាត់ដេរពីកម្ពុជាទៅទីផ្សារអន្តរជាតិនាពេលនេះ ជាការបញ្ជាទិញមុនមាន វត្តមានជំងឺកូវីដ១៩ តែប៉ុណ្ណោះនេះបើតាមការបញ្ជាក់ពីខាងសហជីពកម្ម ៕