(សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន) អាកាសយានដ្ឋានអន្តរជាតិកម្ពុជាចំនួន៣ កំពុងបន្តការសាងសង់ព្រមគ្នា
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទោះបីជាមានជំងឺកូវីដ-១៩កំពុងវាយលុកនៅបណ្តាប្រទេសនានាលើសកលលោក រួមទាំងប្រទេសកម្ពុជាយ៉ាងណាក្តី ក៏អាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជាចំនួន៣នៅតែសាងសង់ជាធម្មតា ។
ថ្លែងក្នុងឱកាសអញ្ជើញចុះពិនិត្យការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលមានទីតាំងនៅខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាកំពុងសាងសង់ព្រលានយន្តហោះអន្តរជាតិចំនួន៣ព្រមគ្នា ទោះបីជាមានជំងឺកូវីដ-១៩ យ៉ាងណាក្តី។
សម្ដេចតេជោបានបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិដែលកំពុងសាងសង់នោះ រួមមានព្រលានយន្ដហោះអន្តរជាតិខេត្តកណ្តាល ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប និងព្រលានយន្តហោះអន្តរជាតិកងកេង នៅក្នុងខេត្តព្រះសីហនុ។
សម្តេចតេជោបន្តថា ទោះបីជាមានមតិមួយចំនួនលើកឡើងថា ហេតុអ្វីកម្ពុជាចាំបាច់សាងសង់ព្រលានយន្តហោះទាំងនោះធ្វើអ្វី បើជំងឺកូវីដ-១៩កំពុងវាយលុកនៅលើបណ្តាប្រទេសជាច្រើនលើសកលលោក រួមទាំងកម្ពុជាផងនោះ។ ចំណុចនេះសម្តេចតេជោបានថ្លែងបញ្ជាក់ថា ការសាងសង់មិនប៉ះពាល់ដល់ក្រុមហ៊ុនដែលសាងសង់នោះទេ ហើយជាទូទៅនៅកម្ពុជាមិនទាន់មានក្រុមហ៊ុនណាមួយបិទ ឬក្ស័យធននោះទេ ជាក់ស្តែងដូចក្រុមហ៊ុនកំពុងសាងសង់ព្រលានយន្តហោះចំនួន៣ខាងលើនេះ។
សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមថា បើតាមគម្រោង ការសាងសងព្រលានយន្ដហោះអន្តរជាតិក្នុងខេត្តកណ្តាល អាចនឹងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខ ដោយព្រលានយន្តហោះនេះនឹងអាចយឱ្យន្តហោះខ្នាតធំចុះចូលចតបានដោយមិនចង្អៀតនោះទេ៕
ប្រភព(www.information.gov.kh)